ដោយៈ សុផារី
ភ្នំពេញៈ ការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ បានបន្សល់នូវការជាប់គាំងការដ្ឋានសំណង់តូច-ធំជាច្រើនកន្លែង ដែលរាយប៉ាយជុំវិញក្រុងព្រះសីហនុ។
អាគារជាប់គាំងជាង១២០០ កំពុងរង់ចាំដំណោះស្រាយ ដែលទាមទារការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។
-->
អ្នកជំនាញអន្តរជាតិជាន់ខ្ពស់ពីររូប លើកឡើងថា ដើម្បីឈានទៅដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធិភាព ទាមទារការដាក់ចេញច្បាប់ និងគោលនយោបាយច្បាស់លាស់ និងមានការចូលរួមពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន។

លោក Lawrence Lennon នាយកគ្រប់គ្រង CBRE Cambodia បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា លោកមើលឃើញថា ក្រុងព្រះសីហនុ ជាសក្តានុពលមិនទាន់កែច្នៃ (Raw Potential) ព្រោះវាមានធាតុផ្សំ ដើម្បីកែច្នៃចេញទៅជាទីក្រុងជាប់ឆ្នេរដ៏អស្ចារ្យមួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវបានកែប្រែមុខមាត់គួរឱ្យកត់សម្គាល់ ជាក់ស្តែងផ្លូវ៣៩ខ្សែតភ្ជាប់គ្នាក្នុងទីក្រុងមួយនេះ។
លោកគូសបញ្ជាក់ថា “ធាតុផ្សំសំខាន់មួយ ក្នុងចំណោមសក្តានុពលនោះ គឺអចលនទ្រព្យ ហើយយើងមានហេដ្ឋារចនាសម្ព័ន្ធហើយ”។លោកបន្ថែមថា “ដូច្នេះ ខ្ញុំគិតថា អ្វីដែលជាជំហានបន្ទាប់សំខាន់បំផុត គឺទាមទារឱ្យមានផែនការមេសម្រាប់ការកែច្នៃ និងអនុវត្តន៍”។
លោក Lawrence លើកឡើងថា ផែនការមេមួយនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បរិបទក្រុងព្រះសីហនុ ព្រោះថាទោះបីស្ថិតក្នុងការផ្តល់ ឬទទួលយក វានឹងជួយការពារតម្លៃ (Value) អចលនទ្រព្យ និងអភិវឌ្ឍន៍សក្តានុពលទីតាំងបន្ថែមទៀត។ សម្រាប់ក្រុងព្រះសីហនុ ដើម្បីឈានទៅកាន់ជំហានបន្ទាប់ គឺត្រូវកែច្នៃអាគារទាំងនោះ ដើម្បីធានាឱ្យបានថា ទីតាំងសាធារណៈ និងធានាការផ្គត់ផ្គង់ក្នុងកម្រិតមួយដ៏ត្រឹមត្រូវ ប្រៀបធៀបនឹងតម្រូវការជាក់ស្តែង។

លោកបានបន្តថា “យើងបានដឹងហើយថា អាគារជាង១០០០បានជាប់គាំង។ ដូចនេះ អ្វីដែលយើងអាចឆ្លងផុតដំណាក់កាលនេះ ទាមទារការចំណាត់ការពីរាជរដ្ឋាភិបាល ដែលជាការចូលរួមរវាងឯកជននិងរដ្ឋ ដើម្បីឈានទៅនាំយកសក្តានុពល ដ៏អស្ចារ្យនៃទីក្រុងមួយនេះ”។លោកបន្តថា “គោលការណ៍នេះ ទាមទារឱ្យមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយផែនការមេនេះ ត្រូវដាក់ចេញដោយរដ្ឋបាលខេត្ត និងក្រុមហ៊ុនអភិវឌ្ឍន៍ផែនការស៊ិនជិន។ ហើយអ្វីដែលសំខាន់នោះ យើងត្រូវការ “ចុងភៅ” មកជួយរួមបញ្ចូលធាតុផ្សំមិនទាន់កែច្នៃទាំងឡាយ”។
លោក Phillip Tan ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្តរជាតិជាច្រើន បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសពិសេសជាមួយគេហទំព័រ Property Area Asia នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ថា រាជរដ្ឋាភិបាលបាន និងកំពុងព្យាយាម ដាក់ចេញគោលនយោបាយ ដើម្បីធានាឱ្យបាននូវស្តង់ដារសំណង់ សុវត្តិភាព ជាដើម។

អ្នកជំនាញរូបនេះលើកឡើងថា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា គួរសម្លឹងមើលជម្រើស នៃការអភិវឌ្ឍដោយប្រើប្រាស់គោលការណ៍ ESG ដែលគិតគូរលើបរិស្ថាន លក្ខខណ្ឌសង្គម និងអភិបាលកិច្ច។
ការសិក្សាស្រាវជ្រាវមួយរបស់វិទ្យាស្ថាន Yusof Ishak បានកំណត់សូចនាករសំខាន់ៗនៃ ESG រួមមាន បរិស្ថាន៖ បំរែបំរួលអាកាសធាតុ ឧស្ម័នផ្ទះកញ្ចក់ ការបំភាយឧស្ម័ន កាកសំណល់ និងការបំពុល ការបំផ្លិចបំផ្លាញធនធាន ការប្រើប្រាស់ដី និងជីវចម្រុះ លក្ខខណ្ឌសង្គម៖ ស្តង់ដារការងារ ភាពផ្សេងគ្នា និងការរួមបញ្ចូល សុខភាព និងសុវត្ថិភាព ភាពឯកជននៃទិន្នន័យ សុវត្ថិភាពផលិតផល និងការទទួលខុសត្រូវ ការរៀនសូត្រ និងការអភិវឌ្ឍន៍និងអភិបាលកិច្ច៖ ភាពចម្រុះនៃក្រុមប្រឹក្សាភិបាល ការស៊ីសំណូក និងអំពើពុករលួយ សំណងប្រតិបត្តិ សិទ្ធិម្ចាស់ភាគហ៊ុន និងក្រមសីលធម៌អាជីវកម្ម។
បន្ថែមលើសនេះ លោក Phillip លើកឡើងថា អ្នកអភិវឌ្ឍន៍គួរតែចងចាំថា ពួកគាត់គួរតែសាងសង់នូវអ្វី គាត់អាចលក់ចេញបាន។ ភាគច្រើននៃគម្រោងដែលជាប់គាំង នៅក្នុងក្រុងព្រះសីហនុ ភាគច្រើនជាគម្រោងដែលមិនមានទុនសាងសង់បន្ត។
យ៉ាងណាក្តី លោកថា “យើងគួរតែមានផែនការ ដ៏ច្បាស់លាស់មួយ មុនពេលមានការសាងសង់”៕
