ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ខេត្តពីរដែលជាតំបន់ទេសចរណ៍ សំខាន់របស់កម្ពុជាគឺសៀមរាប និងខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទទួលបានកំណើនភ្ញៀវទេសចរច្រើនឡើងវិញ ប៉ុន្តែការកើនឡើងនៃភ្ញៀវទេសចរនេះ មិនជួយឱ្យមានការទិញ លក់ ជួល អចលនទ្រព្យច្រើននោះទេ ផ្ទុយទៅវិញសកម្មភាពនៃការទិញលក់បានថមថយជាងមុនទៅទៀត។
ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holdingលោកសំ សីហា បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា ក្នុង រយៈពេលចុងក្រោយនេះ ការដោះដូរអចលនទ្រព្យ ដែលសំដៅលើការទិញលក់នៅក្នុងខេត្តសៀមរាប មានការថមថយ និងស្ងប់ស្ងាត់ជាងមុនទៅទៀត ។ បច្ចុប្បន្ននេះ សំបូរអ្នកលក់តែមិនសូវមានអ្នកទិញ ដូច្នេះហើយទើបធ្វើឱ្យការដោះដូរ ម្ចាស់អចលនទ្រព្យនៅក្នុងខេត្តសៀមរាប ហាក់មានស្ថានភាព ស្ងប់ស្ងាត់។
-->
លោកបន្តថា “យើងឃើញថាផ្លូវចំនួន៣៨ខ្សែ នៅក្នុងខេត្តសៀមរាប បានធ្វើរួចរាល់ និងបានដាក់ដំណើរការឱ្យប្រើប្រាស់ផងដែរ ហើយតាមរយៈផ្លូវទាំង៣៨ខ្សែនេះ បានធ្វើឱ្យភ្ញៀវទេសចរមកលេង ខេត្តសៀមរាបច្រើនឡើងវិញក្រោយពីវិបត្តិកូវីដ១៩ បានស្ងប់ស្ងាត់បន្តិច”។លោកបន្តថា “ប៉ុន្តែទោះបីជាផ្លូវនេះ សាងសង់រួចហើយមានភ្ញៀវទេសចរ មកលេងច្រើនពិតមែន ការវិនិយោគនិងការទិញ លក់ អចលនទ្រព្យក្នុងខេត្តសៀមរាបមិនមានកំណើនច្រើនទេ”។
លោកបន្តថា មិនថាតែក្រុមហ៊ុនឬក្រុមហ៊ុនដទៃទេ គឺមានភាពស្ងប់ស្ងាត់ មិនសូវមានភ្ញៀវរកទិញអចលនទ្រព្យទេ តែបែរជាមានអ្នកលក់ច្រើនទៅវិញ ។ ទោះបីជាមានអ្នកលក់ច្រើនក៏ពិតមែន ក៏មិនធ្វើឱ្យតម្លៃអចលនទ្រព្យនៅក្នុងខេត្តនេះធ្លាក់ចុះនោះទេ ផ្ទុយទៅវិញមានតែកើនឡើងជាងមុនទៅទៀត ដែលអាចធ្វើឱ្យភ្ញៀវស្វែងរកទិញមិនចង់ទិញ។
លោកសំ សីហាបានបន្ថែមថា ដូចយើងបានដឹងហើយ បច្ចុប្បន្ននេះ វិបត្តិមិនមែនកើតមាន តែក្នុងប្រទេសកម្ពុជានោះទេ គឺ ពិភពលោកកំពុងតែជួបវិបត្តិដូចគ្នាទាំងវិបត្តិកូវីដ១៩ និងវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យវិនិយោគិនបរទេស មិនអាចចេញក្រៅប្រទេសស្វែងរកការវិនិយោគដូចមុនកើតវិបត្តិបានឡើយ ហើយអចលនទ្រព្យក្នុងប្រទេសកម្ពុជា ក៏អាស្រ័យទៅលើការវិនិយោគពីបរទេសដែរ ។

ក្រលេកទៅមើលសកម្មនៃការដោះដូរអចលនទ្រព្យនៅក្នុងខេត្តព្រះសីហ
នៅក្រុងព្រះសីហនុឯណោះវិញ ក៏មិនខុសពីសកម្មភាពនៃការវិនិយោគនៅក្នុងខេត្តសៀមរាបប៉ុន្មានដែរ ទោះបីជាខេត្តនេះទទួលបានកំណើនភ្ញៀវទេសចរច្រើន ក្រោយពេលបើកដំណើរការផ្លូវល្បឿនលឿនក្ដី។
គម្រោងអគារមួយចំនួន ដែលបានផ្អាកការសាងសង់បណ្ដោះអាសន្ននៅតែមិនទាន់បានដំណើរការ សាងសង់ឡើងវិញនៅឡើយ ខណៈអគារសាងសង់រួចមួយចំនួនក៏នៅទំនេរ រង់ចាំវិនិយោគិន ធុរជនមកពីខាងក្រៅមកជួលឬដំណើរការអាជីវកម្ម ។
លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអចលនទ្រព្យ ក្នុងខេត្តព្រះសីហនុ ឬក្នុងប្រទេសកម្ពុជារីកចម្រើនទៅបាន ក៏អាស្រ័យទៅលើស្ថានភាព សេដ្ឋកិច្ចពិភពលោកដែរ ។ បើសិនជាស្ថានភាពសេដ្ឋកិច្ចពិភពលោក នៅពេលនេះបន្តមានបញ្ហាយើងក៏មិនអាចរីកចម្រើនខ្លាំង ឬដំណើរការខ្លាំងបានឡើយ ។
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល ដែលបាននិងកំពុងរៀបចំទីក្រុងព្រះសីហនុជាទីក្រុងពហុបំណង បានមានប្រសាសន៍ឲ្យដឹង កាលពីរសៀលថ្ងៃទី២០ តុលានេះថា នៅក្នុងអំឡុងពេលមានវិបត្តិបែបនេះ ប្រជាជននៅក្នុងក្រុងព្រះសីហនុនៅតែបន្តទាមទារតម្លៃដីខ្លួនខ្ពស់ និងឡើងថ្លៃបន្ថែម នៅពេលមានអ្នកវិនិយោគថ្មីចូលទៅ ដែលនេះនឹងបង្កឲ្យមានវិបត្តិបន្តនៅក្នុងទីក្រុងនេះ។
លោកបន្តថា “បញ្ហាប្រឈមរបស់យើង គឺទាំងអស់គ្នាគួរដោះស្រាយរួមគ្នា មិនមែនចេះតែទាមទារតាមការនឹកឃើញ និងលោភលន់របស់ខ្លួនោះទេ”។លោកបន្ថែមថា “បទពិសោធន៍ជាក់ស្តែង ខ្ញុំបានជួបករណីនេះផ្ទាល់ ពេលនាំអ្នកវិនិយោគបរទេសស្វែងរកទិញដី ពួកគេបែរជាដំឡើងថ្លៃដីរបស់ខ្លួន”៕
