គម្រោងស្ពានអាកាសថ្មីរួមចំណែកកែប្រែតំបន់ផ្លូវ៦០ម៉ែត្រជាតំបន់លំនៅឋានថ្មីនាពេលអនាគត

0

ដោយ៖ សុផារី

ភ្នំពេញ៖ គម្រោងស្ពានអាកាស ដែលកំពុងសាងសង់នៅតំបន់ផ្លូវ៦០ម៉ែត្រ ក្លាយជាចំណែកមួយយ៉ាងសំខាន់ ក្នុងការជំរុញការប្រើប្រាស់ដីធ្លី និងតម្លៃដីធ្លី ដោយអ្នកជំនាញមើលឃើញថា តាមរយៈការអភិវឌ្ឍដែលមានស្រាប់ រួមផ្សំនិងគម្រោងស្ពានអាកាសថ្មីនេះនឹងនាំមកនូវការកែប្រែតំបន់នេះជាតំបន់លំនៅឋាន និងការិយាល័យថ្មី នាពេលអនាគត។

​            លោក​ប៉ូ​ អ៊ា​វ​គង់​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Advance​ បានប្រាប់ Property Area Asia ឱ្យ​ដឹង​នៅចុងសប្តាហ៍មុនថា គម្រោងសាងសង់ស្ពានអាកាសថ្មី នៅផ្លូវ៦០ម៉ែត្រនឹងជួយសម្រួលចរាចរណ៍ ព្រមទាំងបានជួយបង្កើនសក្តានុពលអចលនទ្រព្យនៅក្នុងតំបន់ខាងលើ ដោយសារកន្លងមក ប្រព័ន្ធចរាចរណ៍មានភាពរញ៉េរញ៉ៃ និងចំណាយពេលច្រើនក្នុងការធ្វើដំណើរ។ សព្វថ្ងៃនេះ គម្រោងលំនៅឋានបុរី ផ្សារទំនើប កំពុងកើនមានឡើងនៅតាមបណ្តោយផ្លូវមួយនេះជាច្រើន។

លោកបានមានប្រសាសន៍ថា “នៅពេលដែលគម្រោងស្ពាននេះត្រូវបានសាងសង់បញ្ចប់ នោះសក្តានុពលដែលកាន់តែឃើញច្បាស់មួយនោះ គឺវិស័យលំនៅឋាន ព្រោះដីធ្លីនៅក្នុងតំបន់នេះមានភាពទូលាយ និងមានទំហំធំ សម្រាប់ការសាងសង់បុរី”។

លោកបន្តថា នៅជំហានបន្ទាប់ តំបន់ផ្លូវ៦០ម៉ែត្រក៏អាចវិវត្តទៅជាតំបន់ប្រមូលផ្តុំអាគារការិយាល័យ សម្រាប់ជួល នាពេលអានាគតយ៉ាងខ្លីនេះផងដែរ។

លោកអ៊ាវគង់មានប្រសាសន៍បន្ថែមថា ផ្លូវ៦០ម៉ែត្រមិនត្រឹមតែជាផ្លូវសំខាន់ដែលតភ្ជាប់នឹងផ្លូវធំៗជាច្រើន រួមមានផ្លូវមុនីវង្ស ផ្លូវ២៧១ ជាដើម តែវាក៏ស្ថិតនៅក្នុងគម្រោងទីក្រុងរណប ING CITY ផងដែរ។ លើសពីនេះ ផ្លូវនេះក៏តភ្ជាប់ទៅកាន់តំបន់ព្រលានយន្តហោះថ្មី នៅក្នុងខេត្តកណ្តាលផងដែរ។ នេះ​ជាសក្តានុពល ដែលនឹងជំរុញឱ្យតំបន់នេះ​មានកំណើនតម្លៃដីធ្លី ព្រមទាំងកាន់តែទាក់ទាញគម្រោងអភិវឌ្ឍន៍បន្ថែមទៀត។

ជាមួយគ្នានេះដែរ លោក សន សៀប ជា​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ ការរីកចម្រើនបំផុតកើតមានឡើងនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ជាពិសេសក្នុងតំបន់ផ្លូវ៦០ម៉ែត្រ ដោយសារផ្លូវនេះជាផ្លូវថ្មី ដីធ្លីនៅមានទំហំធំ ផ្លូវធំ ការអភិវឌ្ឍភ្ជាប់ជាមួយព្រលានយន្តហោះថ្មី។

លោកបន្តថា “ក្នុងរយៈពេល៤ ៥ឆ្នាំចុងក្រោយនេះ ប្រសិនបើមិនមានកូវីដ១៩ទេ ភាគខាងត្បូងមនាការរីកចម្រើនខ្លាំង ហើយជាតំបន់មានការអភិវឌ្ឍខ្លាំងមែនទែន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here