ដោយ៖ សុផារី
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិ (ប័ណ្ណរឹង) ដល់ប្រជាពលរដ្ឋ ទាំងអស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីជាកេរដំណែលមួយ សម្រាប់គ្រួសារ និងអាចឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមលទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ។
-->

សម្តេចតេជោមានប្រសាសន៍ថា “ខ្ញុំគិត បន្ទាប់ពីនេះ ទៅត្រូវចេញប័ណ្ណកម្មសិទ្ធិឲ្យបងប្អូនតែម្តងទៅ ព្រោះបងប្អូនត្រូវការយកទៅដាក់នៅធនាគារ ដើម្បីខ្ចីប្រាក់ពីគេ។ ចំពោះដីសម្បទានសង្គមកិច្ច គឺបងប្អូនមិនអាចខ្ចីប្រាក់ធនាគារបានទេ ព្រោះយើងមិនទាន់បានចេញប្លង់ឲ្យ”។
សម្តេចបានថ្លែងបន្តថា “ខ្ញុំបញ្ជាក់ថា នៅពេលបងប្អូនមកនៅទីនេះ ចាំបងប្អូនមករស់នៅសិន ឥលូវផ្គត់ផ្គង់តែប្រាក់សង្គមទេ ប៉ុន្តែសម្រាប់ការចេញប័ណ្ណកម្មសិទ្ធិទាល់តែមករស់នៅសិន។ ហើយរៀបចំជា ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីបង្កើតជាមូលដ្ឋានរឹងមាំ”។
កាលពីពេលថ្មីៗនេះ សម្តេចតេជោបានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិញ្ញវត្ថុ បានសម្រេចផ្តល់ការអនុគ្រោះ តាមរយៈការពន្យារសង បន្ថយអត្រាការប្រាក់ រៀបចំឥណទានឡើងវិញ និងមិនការរឹបអូសទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ ដោយទឹកជំនន់ឡើយ៕
