ដោយៈ ជេស៊ីកា
ភ្នំពេញៈ ការសាងសង់ស្ពានតភ្ជាប់រវាងទីក្រុងកោះនរា និងទីក្រុងកោះពេជ្រ កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ដោយគំរោងនេះនឹងស ម្រេចបានតាមផែនការដែលបានគ្រោងទុក។
អគ្គនាយកក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២១ តុលាកន្លងមកថា ពេលវេលានៃការសាងសង់ស្ពាននេះ បើគិតពីបច្ចុប្បន្នរហូតដល់សាងសង់បញ្ចប់ គឺនៅសល់រយៈពេលជាង១ឆ្នាំទៀតប៉ុណ្ណោះ ហេតុនេះក្រុមការងារបាននិងកំពុងពន្លឿន។
លោកបន្តថា “ក្រុមកម្មករធ្វើការងារនេះ កំពុងសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីសម្រេចបានតាមផែនការ និងទាន់ពេលវេលា”។លោកបន្តថា “នៅ ពេលស្ពាននេះសាងសង់ចប់ វានឹងជួយសម្រួលចរាចរណ៍ច្រើនពីផ្លូវជាតិលេខ១ និងធ្វើឲ្យតំបន់ទីក្រុងកោះនរានឹងមានការអភិវឌ្ឍលឿន”។
ជាមួយគ្នានេះ បន្ទាប់ពីបើកដំណើរការស្ពានតភ្ជាប់ រវាងផ្លូវជាតិលេខ១ មកកាន់ទីក្រុងកោះនរាបាន និងកំពុងមានរថយន្តឆ្លងកាត់រាប់ពាន់គ្រឿងក្នុងមួយថ្ងៃៗ។
លោកទូច ចំណាងបានបន្តថា ស្ពានតភ្ជាប់រវាងទីក្រុងកោះនរា និងទីក្រុងកោះពេជ្រមានប្រវែងជិត៥០០ម៉ែត្រ ដែលស្ពាននេះសាងសង់ឡើងដោយខ្សែកាបយោង និងមានសរសរស្ពានកំពស់ផុតពីទឹកយ៉ាងខ្ពស់ត្រដែត ដែលវានឹងលើកកំពស់សោភ័ណភាពតំបន់នេះ ក៏ដូចជារាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងមួយកម្រិតទៀត។
ទីក្រុងកោះនរា មានទំហំ១២៥ហិកតា និងសាងសង់ឡើងដោយក្រុមហ៊ុនOCIC ដែលគ្រោងចំណាយទុន រហូតដល់២៥០០លានដុល្លារអាមេរិក សំរាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ក៏ដូចជាការបូមដីចាក់បំពេញទីក្រុងនេះទាំងមូល៕