ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានស្នើឱ្យក្រុមហ៊ុន សាន់វ៉ា គ្រុប ពិចារណាពង្រីកការវិនិយោគថែមទៀតលើវិស័យអចនលទ្រព្យ ហើយវិនិយោគលើវិស័យកសិកម្ម និងទាញប្រយោជន៍ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ។
ក្នុងជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ខូអិលធីឌី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោកកឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានយកជាអាទិភាព ក្នុងការពង្រឹងលើការផ្តល់សេវាសាធារណៈ សំដៅសម្រួលក្នុងការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មជាបន្តបន្ទាប់ ដូចជា ប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ដែលមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព។
-->

លោកបន្តថា បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម ក៏បានដាក់ចេញ និងកំណត់ផែនការច្បាស់លាស់ក្នុងការចរចាបើកទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផងដែរ។ ផ្អែកលើតួលេខ៩ខែ ឆ្នាំ២០២២នេះ ឃើញថាទំហំពាណិជ្ជកម្មកម្ពុជាមានការកើនឡើង ហើយសេដ្ឋកិច្ចកម្ពុជាក៏កំពុងងើបឡើងវិញផងដែរ ខណៈដែលសេដ្ឋកិច្ចកម្ពុជាមុនកូវីដ-១៩ មានកំណើនក្នុងរង្វង់៧%។
លោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន សាន់វ៉ា គ្រុប បានជម្រាបជូនថា ក្រុមហ៊ុន សាន់វ៉ា គ្រុប បានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៥៧ គិតមកទល់ពេលនេះមានអាយុកាលជាង៦៥ ឆ្នាំ ហើយបាននឹងកំពុងធ្វើប្រតិបត្តិការអាជីវកម្មលើវិស័យសំខាន់ៗរួមមាន វិស័យចំណីអាហារ ជាពិសេសគ្រឿងសមុទ្រ កាហ្វេ តែ វិស័យអចនលទ្រព្យ ហរិញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ កសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធ នៅប្រទេសចិន ម៉ាកាវ ហុងកុង ជប៉ុន កាណាដា និងវៀតណាម ជាដើម។ល។
លោកលេខាធិការប្រចាំការ បានអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុន សាន់វ៉ា គ្រុប ដែលមានប្រតិបត្តិការអាជីវកម្មលើពហុវិស័យ ហើយទទួលបានជោគជ័យ។ លោកជឿជាក់ថា តាមរយៈក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ក្រុមហ៊ុន សាន់វ៉ា គ្រុប នឹងពង្រីកការវិនិយោគថែមទៀតលើវិស័យអចនលទ្រព្យ ហើយស្នើក្រុមហ៊ុនពិចារណាវិនិយោគផងដែរ លើវិស័យកសិកម្ម និងទាញប្រយោជន៍ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ៕
