ដោយ៖ សុខុម
ហាណូយ: តម្លៃអាផាតម៉ិនក្នុងទីផ្សារអចលនទ្រព្យក្រុងហាណូយ បានហក់ឡើង១៥ត្រីមាសជាប់ៗគ្នា ឈានដល់កម្រិតខ្ពស់ជាង៥៣% បើធៀបទៅនឹងត្រីមាសទី១ ដើមឆ្នាំ២០១៩។
នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ Savills Ha Noi ស្ដីអំពីទីផ្សារអចលនទ្រព្យក្នុងទីក្រុងរបស់វៀតណាម មួយនេះដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។
របាយការណ៍នេះបានបង្ហាញថា តម្លៃអាផាតម៉ិនជាធម្យម គឺ៤៧លានដុង ឬ១.៨៩២ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ ពោលគឺហក់ឡើង៥% សម្រាប់ត្រីមាសធៀបនឹងត្រីមាស និង១១%សម្រាប់ឆ្នាំធៀបនឹងឆ្នាំ។ ការផ្គត់ផ្គង់មានកម្រិតគុណភាពប្រសើរឡើងជាងមុន និងថ្លៃសាងសង់កើនឡើង បានរួមចំណែក ធ្វើឱ្យតម្លៃអាផាតម៉ិនហក់ឡើងថ្លៃ។
លោកស្រី Do Thu Hang នាយកជាន់ខ្ពស់ផ្នែកសេវាកម្មផ្ដល់ប្រឹក្សានៅទីភ្នាក់ងារអចលនទ្រព្យ Savills Ha Noi បានលើកឡើងថា តម្លៃអាផាតម៉ិនបានហក់ឡើងចាប់តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ ទោះជាយ៉ាងណា ដោយសារនីតិវិធីច្បាប់វែងអន្លាយ និងការអនុម័តមានការយឺតយ៉ាវ បានធ្វើឱ្យការផ្គត់ផ្គង់ថ្មីៗមានតិចតួច។
អាផាតម៉ិន ដែលមានតម្លៃចន្លោះពី២.០០០លានដុង ឬ៨០.៥០០ដុល្លារអាមេរិក ទៅ៤.០០០លានដុង ឬ១៧០.០០០ដុល្លារអាមេរិក មានចំនួនគ្របដណ្ដប់ប្រមាណ៨៥%នៃស្តុកផ្គត់ផ្គង់ ដោយកើនឡើងពី១៥%ក្នុងឆ្នាំ២០១៨។
អាផាតម៉ិនទាំងនោះមានតែ១២%ប៉ុណ្ណោះ ដែលមានតម្លៃថោកជាង២.០០០លានដុង ឬ៨០.៥០០ដុល្លារអាមេរិក ហើយសល់ប៉ុន្មាន សុទ្ធតែមានតម្លៃលើសពី៤.០០០លានដុង ឬ១៧០.០០០ដុល្លារអាមេរិក ឡើងទៅ៕