ដោយ៖ សុផារី
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងកាលពីម្សិលមិញនេះបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីជំរុញការស្ថាបនាផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។
យោងតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗកន្លងមក បានឱ្យដឹងថា ក្រុមហ៊ុន CRBC កំពុងធ្វើការសិក្សា ដោយបានចុះ MOU រួចរាល់ហើយ និងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅក្នុងខែវិច្ឆិកាខាងមុខ។ ក្រុមហ៊ុននេះត្រៀមចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំ ដើម្បីបើកការដ្ឋានឱ្យបាននៅពាក់កណ្ដាលឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួង ដោយមានការចូលរួមពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងតំណាងក្រុមហ៊ុន បានពិនិត្យនិងពិភាក្សាលើកិច្ចព្រមព្រៀងក្របខណ្ឌ កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនឱ្យបានចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅបើកការដ្ឋានសម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី២ ក្នុងប្រទេសកម្ពុជាបន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ខណៈផ្លូវនេះគឺជាផ្លូវថ្មីទាំងស្រុងដែលមានប្រវែងសរុបប្រហែល១៣៥គីឡូម៉ែត្រ។
គម្រោងនេះនឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង៕