ដោយៈ សុផារី
ភ្នំពេញៈ ម្ចាស់គម្រោងអចលនទ្រព្យ បានសម្រួលលក្ខខណ្ឌក្នុងការបង់ប្រាក់ ដើម្បីជំរុញការលក់ ស្របពេលដែលអតិថិជនកំពុងប្រឈមនឹងវិបត្តិ។ អ្នកជំនាញអចលនទ្រព្យ មើលឃើញថានេះជាឱកាសល្អសម្រាប់អ្នក ដែលមានបំណងចង់វិនិយោគលើអចលនទ្រព្យ ដោយសារនាពេលអនាគត តម្លៃអចលនទ្រព្យទាំងនោះនឹងមានការកើនឡើងខ្ពស់។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុលោកច្រឹក សុខនីម បានលើកឡើងនៅចុងសប្តាហ៍កន្លងមកថា ប្រភេទអចលនទ្រព្យមួយចំនួន នឹងមានឱកាសក្នុងការទទួលបាន នូវផលចំណេញខ្ពស់នាពេលអនាគត ដោយសារក្នុងពេលនេះ មានភាពអំណោយផលលើលក្ខខណ្ឌនៃការបង់ប្រាក់ និងតម្លៃ។ ដូច្នេះ សម្រាប់អ្នកដែលមានប្រាក់ចង់វិនិយោគ អាចពិចារណាបោះទុនលើប្រភេទបុរី ឬផ្ទះអាជីវកម្មបាន។
-->
លោកឱ្យដឹងថា “សម្រាប់លំនៅឋានដែលទិញហើយ អាចចំណេញច្រើននាពេលខាងមុខ ដូចជា ផ្ទះប្រភេទបុរី ឬផ្ទះ Shop house សម្រាប់ប្រើប្រាស់ជាអាជីវកម្មក្នុងរយៈពេលយូរ នឹងទទួលបានប្រាក់ចំណេញខ្ពស់”។
លោកមានប្រសាសន៍ឱ្យដឹងថា “នៅពេលនេះ លក្ខខណ្ឌតម្លៃការទូទាត់មានភាពបត់បែនច្រើន ដែលនេះជាសញ្ញាមួយល្អ អាចចាប់យកឱកាសប្រសិនមានប្រាក់ក្នុងការវិនិយោគ”។
លោកបានបន្ថែមទៀតថា ទោះបីប្រឈមនឹងវិបត្តិក្តី តម្លៃអចលនទ្រព្យមិនមានការធ្លាក់ចុះទេ គ្រាន់តែចំនួននៃការទិញលក់ដូរ មានការថមថយបន្ទិចតែប៉ុណ្ណោះ។ នៅពេលដែលស្ថានភាពវិបត្តិផ្សេងៗស្ងប់ស្ងាត់ វិស័យចលនទ្រព្យនឹងងើបឡើងវិញ តម្លៃក៏នឹងអាចស្ទុះឡើងផងដែរ ប៉ុន្តែពេលនេះតម្លៃនៅទ្រឹងនៅឡើយ។
ជាមួយគ្នានេះ អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service លោកស្រី តាំង ហួរបានមានប្រសាសន៍ប្រាប់ Property Area Asia កាលពីពេលថ្មីៗនេះថា តម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ មិនសូវមានការកើនឡើងខ្ពស់នោះទេ ប្រសិនបើឡើងក៏ឡើងតាមទីតាំងជាក់លាក់ណាមួយ ដែលទទួលបានការអភិវឌ្ឍជាងគេ។
លោកស្រីឱ្យដឹងទៀតថា “អតិថិជនខ្លះ បានដាក់តម្លៃទាបជាងទីផ្សារ ដោយសារពួកគាត់ត្រូវការសាច់ប្រាក់ ក្នុងការប្រើប្រាស់បន្ទាន់”។ ដូច្នេះលោកស្រីមើលឃើញថា នេះជាឱកាសល្អ សម្រាប់អ្នកមានលទ្ធភាពវិនិយោគអចលនទ្រព្យ ដោយសារ ក្នុងកំឡុងនេះ មានអ្នកដែលចង់លក់ច្រើន និងអាចលក់ក្នុងតម្លៃល្អជាងពីមុន៕
