គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះទទួលបានការ អនុម័តកម្ចីជាផ្លូវការហើយ

0

ដោយៈ សុផារី

ក្រចេះ លោកទេសរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាផ្លូវការថា គម្រោងកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ និងគម្រោងសាងសង់ផ្លូវ ពីទីរួមខេត្តកំពង់ចាមមកកាន់ស្គន់ នឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះហើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងទាំងពីរនេះ បានទទួលនូវការអនុម័តកម្ចី សំរាប់សាងសង់រួចរាល់ហើយ ហើយគម្រោងទាំងពីរនេះ នឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះហើយ។

លោកមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា “គម្រោងនេះនឹងសាងសង់ពិតមែន។ រូបថតដែលបែកធ្លាយពិតជា១០០% ជាគ្រឿងចក្របញ្ជូន ដើម្បីស្ថាបនាស្ពាននៅខេត្តក្រចេះ”។ លោកបន្តថា “ជាធម្មតាក្រុមហ៊ុនត្រូវបញ្ជូនគ្រឿងចក្រទៅមុន ចាប់ផ្តើមធ្វើការបណ្តើរៗ លើការដ្ឋានដែលត្រូវសាងសង់”។

លោកបញ្ជាក់បន្តថា “កិច្ចព្រមព្រៀងសាងសង់នេះ បានចុះហត្ថលេខាហើយ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ នៅមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកលី ឃឺឈាង នាយករដ្ឋមន្ត្រីចិន នឹងមានការចុះហត្ថលេខា លើប្រាក់កម្ចីសាងសង់ស្ពាននៅខេត្តក្រចេះ និងប្រាក់កម្ចីពង្រីកការសាងសង់ផ្លូវពីស្គន់ ទៅកំពង់ចាម”។

លោកឱ្យដឹងទៀតថា សព្វថ្ងៃនេះ ក្រុមហ៊ុនសាងសង់ចិនបាននិងកំពុងដំណើរការបណ្តើរៗ ហើយទោះបីជាមិនទាន់ បានបើកការដ្ឋានសាងសង់ជាផ្លូវការក្តី។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដោយគ្រោងចំណាយថវិកាសរុបជាង៥៦លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here