ដោយៈ សុផារី
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឱ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងសាងសង់ស្ពានថ្មមួយប្រវែងជិត៣គីឡូម៉ែត្រ ភ្ជាប់ត្រើយម្ខាងនៃភ្នំពេញកាត់ទន្លេមេគង្គ ហើយភ្ជាប់ទៅនឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងនឹងសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានមួយខ្សែប្រវែងសរុប២,៧គីឡូម៉ែត្រ រួមបញ្ជូលទាំងផ្លូវ នឹងត្រូវបានសាងសង់ រួមជាមួយនឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាពេលឆាប់ៗនេះ។
-->

បើយោងតាមលោកទេសរដ្ឋមន្ត្រី គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះហើយ ប្រសិនបើការចរចារសម្បទានពីរដ្ឋាភិបាលចិនទទួលបានជោគជ័យ។
លោកបានមានប្រសាសន៍ថា “យើងជំរុញឱ្យកសាងផ្លូវល្បឿនលឿនទី២ ឲ្យបាន។ បើកសាងបាន នឹងមានការកសាងស្ពានមួយទៀត នៅល្វាឯមប្រវែង២,៧គីឡូម៉ែត្រ បូករួមទាំងផ្លូវ”។
លោកបន្តថា ស្ពានឆ្លងទន្លេមេគង្គនេះ មានប្រវែង២,៧គីឡូម៉ែត្រ ជាប្រភេទស្ពានថ្ម ដែលមាន៤គន្លង ទៅ២មក២ មានកម្ពស់៣៧,៥ម៉ែត្រ ដូចស្ពានអ្នកលឿងដែរ។ យ៉ាងណាក្តី លោកនៅមិនទានបានបញ្ជាក់ពីទីតាំងនៃការដ្ឋានស្ពានមួយនេះនៅឡើយនោះទេ។
លោកបានបន្តថា “ផ្លូវល្បឿនលឿនភ្នំពេញ- បាវិតជាផ្លូវថ្មីសុទ្ធសាធមានប្រវែង១៣៨គីឡូម៉ែត្រ ត្រើយខាងកើតទន្លេមេគង្គ បូកទាំងស្ពានប្រវែង២,៧គីឡូម៉ែត្រ មាន៤គន្លង ទៅ២មក២មានកម្ពស់៣៧,៥ម៉ែត្រ ដូចស្ពានអ្នកលឿងដែរ”។
លោកស៊ុន ចាន់ថុល គូសបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន និងគម្រោងស្ពាននេះ នឹងជំរុញឱ្យការអភិវឌ្ឍនៅប៉ែកខាងកើត នៃទន្លេមេគង្គ មានខេត្តព្រៃវែង ស្វាយរៀង នឹងមានការរីកចម្រើនបន្ថែមទៀត៕
