គំរោងសាងសង់ផ្លូវជាតិសំខាន់ៗចំនួន២នឹងត្រូវចុះហត្ថលេខា នៅដើមខែវិច្ឆិកាខាងមុខ

0

 ដោយៈ សុផារី

ភ្នំពេញៈ គម្រោងសាងសង់ផ្លូវ២ខ្សែ នឹងត្រូវចុះហត្ថលេខានៅដើមខែវិច្ឆិកា២០២២ខាងមុខនេះ នៅគ្រាដែលនាយករដ្ឋមន្ត្រីនៃប្រទេសចិនមកទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី៩វិច្ឆិកា២០២២។

គម្រោងផ្លូវ២ខ្សែដែលនឹងចុះហត្ថលេខានេះ រួមពមានផ្លូវជាតិលេខ៧ ពីស្គន់ទៅកាន់ក្រុងកំពង់ចាម និងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៧ តុលាថា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត យើងកំពុងពន្លឿនការសិក្សាឱ្យបានចប់សព្វគ្រប់នៅពេលឆាប់ៗនេះ ហើយនៅថ្ងៃទី០៩វិច្ឆិកា២០២២ នៅពេលនាយករដ្ឋមន្ត្រីចិនលោកលី ខឺឈាំង មកទស្សនកិច្ចនៅកម្ពុជានឹងត្រូវចុះហត្ថលេខា។

លោកបន្តថា “ខ្ញុំបានទទួលការណែនាំពីសម្ដេចតេជោហ៊ុន សែននាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យបានចប់និងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣”។

បើតាមការគ្រោងទុក និងការសន្យារបស់ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ និងជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត នឹងអាចបើកការដ្ឋានទាន់ នៅក្នុងអំឡុងខែមិថុនា២០២៣ ។

លោកបន្ថែមថា ផ្លូវជាតិលេខ៧ ដែលតភ្ជាប់ពីស្គន់ទៅកំពង់ចាមនឹងពង្រីកពី២គន្លងទៅ៤គន្លង ដោយការចរចាការសិក្សាបានចប់សព្វគ្រប់ហើយ ។ នៅពេលលោកនាយករដ្ឋមន្ត្រីចិន មកទស្សនកិច្ចសិក្សានៅកម្ពុជានៅពេលខាងមុខនេះ នឹងមានការចុះហត្ថលេខាលើប្រាក់កម្ចី ដើម្បីយកមកសាងសង់ផ្លូវជាតិលេខ៧ពីស្គន់ទៅកំពង់ចាម។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា កម្ពុជាមានផែនការ សាងសង់ផ្លូវជាច្រើនខ្សែទៀត ហើយផ្លូវខ្លះបានសិក្សារួចនិងខ្លះកំពុងសិក្សា ប៉ុន្តែដោយសារតែយើងខ្វះខាតថវិកា ទើបយើងមិនអាចសាងសង់បានក្នុងពេលតែម្ដង និងត្រូវបើកការដ្ឋានសាងសង់លើផ្លូវណាដែលមានការចាំបាច់សម្រាប់សេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here