ប្រទេសថៃផ្តល់កម្ចីជាង២៧លានដុល្លារដល់កម្ពុជាសាងសង់ផ្លូវជាតិលេខ៦៧ភ្ជាប់ខេត្តសៀមរាប ទៅកាន់ប្រទេសថៃ

0

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋាភិបាលនៃប្រទេសថៃ បានអនុម័តកម្ចីចំនួន៩៨៣លានបាត ឬប្រមាណជាង២៧លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវជាតិលេខ៦៧ថ្មីមួយខ្សែ តភ្ជាប់រវាងខេត្តសៀមរាប ទៅកាន់ខេត្តស៊ីសាកេតប្រទេសថៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែតុលាម្សិលមិញ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធា​រណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ផ្លូវជាតិលេខ៦៧នេះ នឹងស្នើសុំកម្ចីថវិកាពីរាជរដ្ឋាភិបាលថៃ ដើម្បីលើកកម្ពស់ជាផ្លូវ AC ។

លោកបញ្ជាក់ថា នៅក្នុងថ្ងៃទី៩ ខែវិច្ឆិកា ខាងមុននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងភាគីកម្ពុជា នឹងចុះហត្ថលេខាជាមួយភាគីថៃ លើគម្រោងលើកកម្រិតផ្លូវជាតិលេខ៦៧។ ផ្លូវជាតិលេខ៦៧ ជាផ្លូវដែលតភ្ជាប់ពីខេត្តសៀមរាប ឆ្លងកាត់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតទៅដល់ស៊ីសាកេតប្រទេសថៃ។

លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា កម្ចីថវិការនេះ នឹងផ្តល់ជូនចំនួនពាក់កណ្តាលសិន ដែលស្មើនឹងប្រមាណ៤៩១,៥លានបាត ឬជាង១២លានដុល្លារ ដល់គម្រោងសម្រាប់អនុវត្តចាប់ពីឆ្នាំ២០២៤ ដល់២០២៦ ដែលជាថវិការដ្ឋាភិបាលថៃ ខណៈថវិកាដែលនៅសល់នឹងមកពីប្រភពមូលនិធិពីបរទេស។

អ្នកនាំពាក្យរូបនេះឱ្យដឹងទៀតថា ក្រោមកម្ចីនេះ ប្រទេសថៃបានដាក់លក្ខខណ្ឌតម្រូវឱ្យប្រទេសកម្ពុជា ត្រូវទិញសម្ភារសំណង់យ៉ាងតិច៥០ភាគរយ សម្រាប់គម្រោងពីប្រទេសថៃ និងជួលអ្នកម៉ៅការថៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here