ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមមន្រ្តីរដ្ឋាភិបាលនិងថ្នាក់ដឹកនាំនៃក្រុមហ៊ុនចិន បានបើកកិច្ចប្រជុំបន្តពិភាក្សា លើកិច្ចព្រមព្រៀងសម្បទានរវាងរដ្ឋ និងឯកជន ជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកស៊ុន ចាន់ថុលបានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ទាក់ទងនឹងកិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយមានការ អញ្ជើញចូលរួមពីលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពិភាក្សារិះរក ដំណោះស្រាយធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន និងអាចអនុវត្តដោយរលូននៅពេលអនាគត ប្រកដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់ ជាពិសេសដើម្បីជំរុញឱ្យគម្រោងការងារនេះអាចសម្រេចបានតាម ផែនការដែលបានគ្រោងទុក។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល លើចំណុចសំខាន់ៗមួយចំនួនដែលមិនទាន់ទទួលបានការសម្រេចជាផ្លូវការ ជាពិសេសការវិភាគលើការព្យាករណ៍ទំហំចរាចរណ៍ ដែលនឹងអាចកើតមាននៅពេលអនាគត។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនទីពីរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ផ្លូវល្បឿនលឿនខ្សែទីពីរនេះ នឹងក្លាយជាខ្សែផ្លូវដ៏សំខាន់មួយទៀតសម្រាប់បម្រើឱ្យសកម្មភាពដឹកជញ្ជូន និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាមផងដែរ៕