ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងវិបត្តិតែងតែមានឱកាស សម្រាប់អ្នកដែលចង់វិនិយោគពិតប្រា កដជាពិសេសទៅលើវិស័យដីធ្លី នៅក្នុងប្រទេសកម្ពុជា ខណៈអចលនទ្រព្យប្រភេទនេះ ត្រូវបានមើលឃើញថា នៅតែជាឱកាសសម្រាប់ស្វែងរកប្រាក់ចំនេញ។
អ្នកជំនាញនៃវិស័យមួយនេះ បានបង្ហាញពីគន្លឹះក្នុងការវិនិយោគដីធ្លីក្នុងវិបត្តិកូវីដ១៩ ដើម្បីទទួលបានផលចំណេញខ្ពស់និងឆាប់រហ័ស។
លោកជា សុផល នាយកប្រតិបត្តិនៃក្រុមហ៊ុនAsia Real Estate បានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ តុលានេះថា ដីធ្លីជាប្រភេទ អចលនទ្រព្យដែលនៅតែមានសកម្មភាពទិញលក់ ជាហូរហែរក្នុងបរិបទនេះ ខណៈអចលនទ្រព្យប្រភេទផ្សេងៗទៀតឃើញថា មានការថមថយសកម្មភាព។
លោកបន្តថា “សម្រាប់អ្នកវិនិយោគ ដែលចង់បានការចំណេញពីការវិនិយោគលើដីធ្លី គួរសម្លឹងទៅមើលដីធ្លីណា ដែលមានការដាក់លក់ក្រោមតម្លៃទីផ្សារ”។ លោកបន្តថា “ដីធ្លីស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ ដូចជានៅតំបន់កប់ស្រូវខាងជើង ឈៀងខាងលិចរាជធានីភ្នំពេញ ពីព្រោះថាតំបន់ជាតំបន់ ដែលមានគម្រោងអភិវឌ្ឍន៍ច្រើននៅពេលអនាគត ដូច្នេះអ្នកវិនិយោគទិញដីនៅតំបន់នោះ នឹងទទួលបានប្រាក់ចំណេញត្រលប់មកវិញនៅពេលតំបន់នោះចាប់ផ្ដើមអភិវឌ្ឍន៍កាន់តែខ្លាំង ហើយដីក៏នឹងឡើងថ្លៃកាន់តែខ្ពស់ផងដែរ”។
លោកបន្ថែមថា នៅក្នុងស្ថានភាពដែលមិនប្រាកដប្រជាបែបនេះ អ្នកលក់ដីខ្លះ គាត់ត្រូវការទុនបង្វិលបន្ទាន់ដូច្នេះ គាត់ក៏លក់ក្រោមទីផ្សារឬក៏តម្លៃទីផ្សារ តែយ៉ាងណា ដីប្រភេទនេះគឺមានភាពងាយស្រួល ក្នុងការចរចាជាងដី ដែលលក់ហើយមិនត្រូវការលុយបន្ទាន់នោះដែរ ។ ដូច្នេះអ្នកចង់ទិញដីធ្លីបានល្អៗ គេស្វែងរកម្ចាស់ទ្រព្យបែបនេះ ទើបមានប្រសិទ្ធភាព ចំណេញ និងមិនសូវខាតពេលក្នុងការចរចាឡើយ ។
ជាមួយគ្នានេះ លោកលុន បុរី ទីប្រឹក្សាសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា គ្រប់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយ ព្រោះគ្រប់ទីផ្សារទាំងអស់ សុទ្ធតែមានភាពចន្លោះប្រហោង ។ ការស្វែងរកភាពចន្លោះប្រហោង នៃទីផ្សារហើយបំពេញបន្ថែមឱ្យវាគឺជាឱកាសសម្រាប់អ្នកជំនួញ ។
លោកបន្តថា “នៅក្នុងវិស័យអចលនទ្រព្យក៏ដូចគ្នាដែរ ការស្វែងរកនូវភាពខ្វះខាត នៃទីផ្សារហើយបំពេញឱ្យវានោះ អ្នកវិនិយោគនឹងទទួលបានឱកាសស្វែងរកប្រាក់ចំណេញ និងរីកចម្រើនធំធាត់ជាជាងរង់ចាំឱ្យឱកាសកន្លងផុត និងរង់ចាំឱ្យអ្នកផ្សេងឆកឱកាសទៅបាត់” ។
លោកបន្ថែមថា អ្នកជំនួញតែងតែរិះរកគ្រប់វិធី ក្នុងការពង្រីកខ្លួនឱ្យខ្លាំង ដើម្បីឈរជើងនៅលើទីផ្សារប្រកួតប្រជែង៕