ដោយៈ សុផារី
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហើបឱ្យដឹងថា សាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) បានសិក្សាបញ្ចប់រួចរាល់ហើយ ហើយកំពុងតែស្ថិតក្នុងដំណាក់កាលចរចារ ជាមួយក្រុមហ៊ុនចិន ដើម្បីបើកការដ្ឋានក្នុងពេលឆាប់ៗនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ កន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” នាទីស្ដីការគណៈរដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថាស្ពានព្រែកប្រា តភ្ជាប់មកកាន់ចាក់អង្រែក្រោម នឹងបើកការចរចារ ដោយសារមានការកកស្ទះខ្លាំងណាស់ នៅផ្លូវជាតិលេខ១ នៅទីតាំងស្ពានក្បាលថ្នល់។ ដូច្នេះ យើងនឹងបើកការដ្ឋានសាងសង់ស្ពានមួយទៀត ពីព្រែកប្រាមកចាក់អង្រែក្រោម។
លោកបន្តថា “ស្ពាននេះទទួលបានឯកភាពលើថវិកា រួចរាល់ហើយ ដោយជាថវិកាពីរាជរដ្ឋាភិបាលចិន មកកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ស្ពានមួយនេះ”។
បើតាមលោក ស៊ុន ចាន់ថុល គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ ដែលទទួលការឯកភាព ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីរួចហើយ។
គម្រោងស្ពាននេះ ត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ហើយទទួលបានថវិការពីរាជរដ្ឋាភិបាលចិន។ ស្ពាននឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីទីក្រុងតាខ្មៅ៕