ដោយៈ សុខុម
ប៉េកាំង: ប្រធានាធិបតី Ferdinand Romualdez Marcos បានថ្លែងក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ថា គម្រោងស្ពានមួយក្រោមហិរញ្ញប្បទាន ពីប្រទេសចិន ដែលតភ្ជាប់ Davao។
ដាវូសជាទីក្រុងធំទី៣របស់ហ្វីលីពីន និងកោះទេសចរណ៍មួយ នឹងជួយជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់ភាគខាងត្បូងនៃប្រទេសនេះ។
គម្រោងស្ពាន Samal Island-Davao City Connector Bridge ប្រវែង៣,៨១គីឡូម៉ែត្រខាងលើនេះ នឹងជួយសម្រួលបានច្រើនដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីក្រុង Davao ទៅកាន់កោះ Island Garden City of Samal។ ស្ពាននេះត្រូវបានខណ្ឌចែកជា២ ពោលគឺសម្រាប់ទៅ និងមក ហើយមានគន្លងផ្លូវសរុបចំនួន៤។
យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន Yugatech បានឱ្យដឹងថា គម្រោងស្ពាននេះ ចំណាយអស់ប្រមាណ៣៩៧លានដុល្លារអាមេរិក ហើយ៩០%ជាកម្ចីពីប្រទេសចិន។
ប្រធានាធិបតីហ្វីលីពីន លោក Marcos ថ្លែងថា “នៅពេលសាងសង់រួចរាល់ជាស្ថាពរ ស្ពាននេះនឹងជួយយើងអភិវឌ្ឍន៍ សក្តានុពលសេដ្ឋកិច្ចនៃទីក្រុង Davao និងកោះ Garden City of Samal ក៏ដូចជាលើកកម្ពស់ការរស់នៅរបស់ពលរដ្ឋមូលដ្ឋាន ឱ្យទទួលបានការងារ ការអប់រំ និងសេវាកម្មផ្សេងទៀតកាន់តែប្រសើរឡើងផងដែរ”។
កោះនេះគឺជាគោលដៅទេសចរណ៍ និងជាកន្លែងលម្ហែតំបន់ត្រូពិចដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរ ព្រោះវាមានឆ្នេរសមុទ្រ និងកន្លែងមុជទឹកមើលផ្កាថ្មយ៉ាងស្រស់ស្អាត។ បើគ្មានស្ពានទេ មធ្យោបាយតែមួយគត់ដែលភ្ញៀវទេសចរអាចទៅដល់កោះនេះ គឺត្រូវឆ្លងស្រឡាងពីទីក្រុង Davao។
លោក Marcos បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលចិន ដែលបានក្លាយជា “ដៃគូដែលអាចទុកចិត្តបាន ក្នុងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ”។
លោកលើកឡើងថា “យើងមើលឃើញយ៉ាងច្បាស់ នូវអត្ថប្រយោជន៍ដែលគម្រោងទាំងនោះ នាំមកជូនប្រជាជនរបស់យើង សេដ្ឋកិច្ចរបស់យើង និងប្រទេសហ្វីលីពីន”។ លោកបានបន្ថែមថា គម្រោងស្ពានចុងក្រោយនេះគឺជា “សក្ខីភាពមួយបង្ហាញពីមូលដ្ឋានគ្រឹះដ៏រឹងមាំ និងភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២”។
លោក Marcos បានសង្កត់ធ្ងន់ថា លោកកំពុងទន្ទឹងរង់ចាំការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយមហាយក្សចិន។
តាមការរំពឹងទុក ស្ពាននេះគ្រោងនឹងសាងសង់បញ្ចប់ ជាស្ថាពរនៅឆ្នាំ២០២៧ ហើយអាចទទួលរថយន្តបានរហូត ដល់ទៅ២៥.០០០គ្រឿងក្នុងមួយថ្ងៃ ព្រមទាំងកាត់បន្ថយពេលវេលាធ្វើដំណើរ រវាងកោះ Samal និងក្រុង Davao បានយ៉ាងច្រើនពី៥០នាទី មកតិចជាង៥នាទី៕ Xinhua៕