ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងគិតគូរយ៉ាងម៉ត់ចត់ លើ់ផែនការអភិវឌ្ឈន៍ក្រុងព្រះសីហនុ “ជាទីក្រុងពហុបំណង” ជាផែនការមួយដែលនឹងនាំមកនូវវិបុលភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទីក្រុងនេះ។
យោងតាមរបាយការណ៍បឋម ដែលគេហទំព័រPropertyarea.asia ទទួលបានពីក្រុមមន្រ្តី ដែលបាននិងកំពុងរៀបចំការងាររៀបចំ ទីក្រុងព្រះសីហនុជាទីក្រុងពហុបំណង បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខេត្តព្រះសីហនុ នឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នោះខេត្តនេះនឹងមានភាពទាក់ទាញដូចជា ទី១ នឹងក្លាយជាទីក្រុងទំនើបបៃតង និងឆ្លាតវៃដើម្បីទាក់ទាញការមកស្នាក់នៅ និងធ្វើធុរកិច្ច។
-->

ទី២ នឹងមានរដ្ឋបាលខេត្ត ដែលមានសិទ្ធិអំណាចជាងមុនមានសមត្ថភាពហិរញ្ញវត្ថុ និងធនធានមនុស្សគ្រប់គ្រាន់ ក្នុងការអនុវត្តផែនការមេ, ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងរៀបចំគោលនយោបាយទាក់ទាញ និងធ្វើការជាមួយវិនិយោគិន។
ទី៣ នឹងមានគោលនយោបាយទាក់ទាញធនធានមនុស្ស មកធ្វើការក្នុងខេត្តព្រះសីហនុ ជាពិសេសបុគ្គលិកដែលមានជំនាញ និងទី៤ នឹងមានការលើកទឹកចិត្តពន្ធ និងសេវាគាំទ្រធុរកិច្ចពិសេសដើម្បីទាក់ទាញឧស្សាហកម្មធំៗ។
ក្រុងព្រះសីហនុបាន និងកំពុងមានការអភិវឌ្ឍយ៉ាងសកម្ម ដោយរយៈពេល៧ឆ្នាំកន្លងមកនេះ ខេត្តនេះទទួលបានលំហូរទុនវិនិយោគ ពីបរទេសក្នុងទំហំទឹកប្រាក់ប្រមាណ៧០០០លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះបានធ្វើឲ្យទីក្រុងនេះផ្លាស់ប្តូរមុខមាត់ទាំងស្រុង។
រាជរដ្ឋាភិបាល បានដាក់ចេញផែនការអភិវឌ្ឍន៍៍ ទីក្រុងព្រះសីហនុ ជាតំបន់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥៕
