អ្នកជំនាញបង្ហើបពីទីតាំងដីដែលមិនគួរវិនិយោគ ព្រោះហានិភ័យជាប់គាំង

0

 ដោយៈស៊ីវ ម៉េង

       ភ្នំពេញៈ ការវិនិយោគដីធ្លីនៅតែមានភាពចំណេញខ្ពស់ ធៀបនឹងការវិនិយោគផ្នែកផ្សេងៗទៀត ក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែមិនប្រាកដថាអ្នកមានប្រាក់វិនិយោគ សុទ្ឋតែទទួលបានផលចំណេញនោះទេ។

លោក​ឧកញ៉ាកាង សុធី អគ្គ​នាយ​អគ្គនាយក​ក្រុមហ៊ុន Century21 Land Station Real Estate បាន​មានប្រសាសន៍ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​ដីធ្លី អ្នកណា​ក៏​ចង់​លក់​ឆាប់​ដាច់ និង​ទទួលបាន​ផលចំណេញ​លឿន​ដែរ ប៉ុន្តែ​លក្ខ​ខ័​ណ្ឌ​ទីតាំង សណ្ឋាន​ដី​ពិតជា​កត្តា​សំខាន់ ដើម្បី​ឲ្យ​ដី​របស់ខ្លួន​លក់​ឆាប់​ដាច់ និង​ទទួលបាន​ផលចំណេញ​ខ្ពស់។

ទី១ ដី​មាន​ទីតាំងនៅ​ជុំវិញ​វត្ត​អា​រ៉ា​ម

លោក​ឧកញ៉ា​កាង សុធី បានមានប្រសាសន៍​ឲ្យ​ដឹងថា ទោះជា​ប្រជាជន​ខ្មែរ​និយម​ទៅធ្វើ​បុណ្យ​នៅ​វត្ត​អា​រ៉ា​ម​ក្តី តែ​ទីតាំង​ដី​ដែល​នៅក្បែរ​វត្ត​អា​រ៉ា​ម ទាំង​ខាងមុខ​ខាងក្រោយ និង​ជាប់​របង​វត្ត ពិតជា​ដី​មិន​ងាយ​លក់​ចេញ​នោះទេ ទោះជា​ដី​នោះ​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ក៏ដោយ។

លោក​បន្តថា ដី​នៅតាម​ជុំវិញ​វត្ត​អា​រ៉ា​ម ពិតជា​មិន​ងាយ​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​នោះទេ និង​ប្រហែល​ពួកគេ​មិន​ចង់​មាន​សម្លេង​រំខាន នៅពេល​មានកម្ម​វិធី​បុណ្យទាន​នានា ក៏ដូចជាពាក់ព័ន្ឋនឹង​បញ្ហា​ហុងស៊ុយ​ផងដែរ។

ទី២ដី​មាន​ផ្នូរ​ឬ​ម៉ុង​ខ្មោច​នៅក្បែរ

ជាទូទៅ​មនុស្ស​ណា​ក៏​ស្លាប់​ដែរ តែ​ពេល​ស្លាប់​ពួកគេ​នឹង​ក្លាយជា​ខ្មោច ហេតុនេះ​ទីតាំង​ដី​ដែល​នៅក្បែរ​ផ្នូរខ្មោច ឬ​ចេតិយ មិនគួរ​ទិញ​នោះទេ ដោយ​សារ​មនុស្ស​មិន​ចូលចិត្ត​ផ្នូរ ឬ​ម៉ុង​ខ្មោច​នោះឡើយ។

ការទិញ​ដី​មាន​ទីតាំង​បែបនេះ ពិតជា​ពិបាក​លក់​ចេញ និង​មិន​ងាយ​បាន​ផលចំណេញ។

ទី៣ រាង​ឬ​សណ្ឋាន​ដី

រាង​ឬ​សណ្ឋាន​ដី​ក៏មាន​សារៈសំខាន់ ដើម្បី​ទាក់ទាញ​អ្នកទិញ​បន្ត ឬ​អ្នកវិនិយោគ​ផងដែរ ព្រោះ​បើ​រាង​ដី​មិន​សមស្រប និង​មាន​សណ្ឋាន​វៀច ពិតជា​មិន​ធ្វើ​ឲ្យ​ដី​នោះ​ងាយ​លក់​នោះទេ ហើយ​វា​ក៏​មិន​ឡើងថ្លៃ​លឿន​ដែរ។

លោក​ឧកញ៉ា​កាង សុធី​បាន​ឲ្យ​ដឹងថា ដើម្បី​ដឹង​ពី​រាង​ឬ​សណ្ឋាន​ដី​ណាមួយ សូមកុំ​មើល​នឹង​ភ្នែក​ទទេ តែ​ត្រូវសុំ​ប្លង់​ម្ចាស់​ដី​យកមក​មើល ទើប​យើង​អាច​ដឹងថា​រាង​ឬ​សណ្ឋាន​ដី​នោះ​មាន​លក្ខណៈ​ដូចម្តេច។

ទី៥ ដី​មាន​ប្រវត្តិ​មិន​ច្បាស់លាស់

ដី​មាន​ប្រវត្តិ​មិនសូវ​ច្បាស់លាស់ ច្រើន​ជា​ដី​នៅ​ខេត្ត​ទើប​មានការ​រីកចម្រើន និង​ទាក់ទាញ​ការវិនិយោគ ដែល​បច្ចុប្បន្ន​ដី​ប្រភេទ​នេះ​ច្រើន​មាននៅ​ខេត្តមណ្ឌលគិរី កំពង់ស្ពឺ​ជាដើម ដោយសារ​មាន​មន្ត្រី​ខិលខូច​មួយចំនួន បានចេញ​ប្លង់ដី​ត្រួត​លើ​គ្នា ដែល​ដី​ខ្លះ​មាន​ប្លង់​កាន់កាប់​រហូតដល់៤ ទៅ៥នាក់​ក៏មាន។

ដីដែលគ្មានផ្លូវច្បាស់លាស់

       ដីមានផ្លូវមិនច្បាស់លាស់ ឬគ្មានផ្លូវតែម្តង ហើយបើមានគឺមានតែក្នុងផែនទី មិនគួរវិនិយោគនោះទេ ព្រោះមិនដឹងថា ដីនោះនឹងឡើងនៅពេលណា និងផ្លូវសាងសង់ពេលណាច្បាស់លាស់ឡើយ ប៉ុន្តែក៏មានអ្នកវិនិយោគ​មួយចំនួនហ៊ានប្រឈមហានិភ័យ និងអាចមានឱកាសទទួលបានផលចំណេញខ្ពស់ផងដែរ។

ដីដែលមានផ្លូវទាល់ និងផ្លូវតូច

       ដីដែលមានទីតាំងស្ថិតនៅលើផ្លូវតូចៗ ដែលរថយន្តមិនអាចជៀសគ្នាបាន និងជាដីមានផ្លូវទាល់ វាជាប្រភេទដីមិនងាយឡើងថ្លៃឡើយ ព្រោះតំបន់ដែលមានផ្លូវតូចៗបែបនេះ អ្នកអភិវឌ្ឈន៍ធំៗពួកគាត់មិនងាយទៅអភិវឌ្ឍន៍ឡើយ ព្រោះវាពិបាកក្នុងការដោះស្រាយ បញ្ហាសំណងជូនប្រជាពលរដ្ឋ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here