ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកបើកបរល់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានលើកជាសំណួរចំនួនបី ទាក់ទងនឹងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុប្រវែងជាង១៨៧គីឡូម៉ែត្រ។
ផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តនេះ ចាប់អនុវត្តន៍ការបង់ប្រាក់ពីថ្ងៃទី១ វិច្ឆិកានេះតទៅហើយ ខណៈមានការលើកឡើងពីតម្លៃ ធ្វើដំណើរខ្ពស់ ពិសេសរដ្ឋរថយន្តកុងទីណ័រ ប៉ុន្តែក្រោមការសម្របសម្រួល ពីក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រុមហ៊ុនកាលពីអំឡុងសប្តាហ៍មុន គឺក្រុមហ៊ុន នឹងបញ្ចុះតម្លៃថ្លៃធ្វើដំណើរឆ្លងកាត់លើផ្កូវនេះ។
លោកមករា វង្សដែលបានធ្វើដំណើរលើផ្លូវនេះ កាលពីសប្តាហ៍មុនបានលើកឡើងជាសំណួរថា ការធ្វើដំណើរលើផ្លូវនេះ ពិតជារឿងគួរឲ្យរំភើបមួយ ព្រោះវាជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា ដែលវានឹងផ្តល់ផលប្រយោជន៍ និងជម្រុញការរីកចម្រើនសេដ្ឋកិច្ចជាតិ ប៉ុន្តែលោកបានលើកជាសំណួរថា ចំនួនបី ទី១ ហេតុអ្វីផ្លូវនេះ មិនដាក់ភ្លើងបំភ្លឺផ្លួវនៅពេលរាត្រី ព្រោះបើតាមទំហំចំណាយ២០០០លានដុល្លារ លើការសាងសង់ផ្លូវនេះ គឺជាការចំណាយច្រើនណាស់ ហេតុអ្វីមិនមានភ្លើងបំភ្លឺនាពេលរាត្រី។ លោកបន្តថា ដើម្បីសុវត្ថិភាពអ្នកបើកបរ និងដើម្បីជាចំណងដៃល្អ និងសម្រាប់ការចងចាំដ៏ល្អរបស់ប្រជាជនកម្ពុជា ក្រុមហ៊ុនគួរតែបំពាក់ភ្លើងបំភ្លឺផ្លូវលើផ្លូវនេះ ព្រោះទំហំចំណាយវាមិនច្រើនពេកនោះទេ។
ទី២ ហេតុអ្វីក្រុមហ៊ុន មិនធ្វើរបងសងខាងផ្លូវឲ្យមានកំពស់ខ្ពស់ជាងនេះ ដើម្បីបង្ការសត្វគោ ក្របីឆ្លងកាត់បាន ព្រោះរបងបច្ចុប្បន្នដែលមានកំពស់ប្រហែល៤០ទៅ៥០សង់ទីម៉ែត្រ គឺគោ ក្របីអាចរត់ឆ្លងកាត់បាន និងសំណួរទី៣ ហេតុអ្វីផ្លូវនេះសាងសង់ដោយគ្មានបច្ចេកទេស កៅស៊ូមិនម៉ដ្ឋរលោង និងមានស្នាមបំណះរួចទៅហើយ ខណៈផ្លូវនេះទើបបើកដំណើរការទើបបាន១ខែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកស៊ីវ ម៉េងដែលបានធ្វើដំណើរលើផ្លូវនេះកាលពីសប្តាហ៍មុនផងដែរ ក៏បានលើកឡើងស្រដៀងគ្នាថា ការមានផ្លូវជាប្រវត្តិសាស្រ្តនេះ ពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ឋតែពេញចិត្តគុណភាពផ្លូវនេះនោះទេ ព្រោះភាពរពើតរពើងរបស់ផ្លូវនេះ និងបំណះលើផ្លូវបានកើតមានរួចទៅហើយ។
លោកបន្តថា “ទំហំចំណាយសាងសង់ផ្លូវនេះធំណាស់ ច្រើនណាស់ ហេតុអ្វីមិនធ្វើឲ្យល្អ និងស័ក្តិសមនឹងតម្លៃលុយដែលបានចំណាយលើវា”។លោកបន្តថា “យើងសង្ឃឹមថាផ្លូវល្បឿនលឿនភ្នំពេញ បាវិតដែលគ្រោងបើកការដ្ឋានសាងសង់នាខែមិថុនា ឆ្នាំ២០២៣ខាងមុខ នឹងមានគុណភាពល្អជាងផ្លូវទី១នេះ”។
វិស្វករផ្នែកស្ពាន ថ្នល់មួយរូបដែលបានបញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ីបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា តាមរយៈបទពិសោធន៍របស់លោក និងអ្វីដែលលោកបានមើលឃើញ បន្ទាប់ពីបានធ្វើដំណើរលើផ្លូវនេះកាលពីថ្ងៃច័ន្ទ លោកគិតថា ការចំណាយសាងសង់ផ្លូវនេះអស់ទឹកប្រាក់ចន្លោះពី១០០០ ទៅ១២០០លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែទំហំចំណាយប៉ោងធំបែបនេះ ដោយសារក្រុមហ៊ុនChina Road and Bridgeជារបស់រដ្ឋាភិបាលចិន ហេតុនេះរដ្ឋាភិបាលប្រទេសរបស់គេ តម្រូវឲ្យប្រើប្រាស់ក្រុមហ៊ុនមកពីប្រទេសចិន ដូច្នេះផលចំណេញពិតជារឿងធម្មតា សម្រាប់ទំនាក់ទំនងមួយ ដែលត្រូវការពឹងគ្នាទៅវិញទៅមក៕