ដោយវុត្ថា
ភ្នំពេញ: មន្រ្ដីជាន់ខ្ពស់កំពង់ផែស្វយ័តភ្នំពេញបានអះអាងថា កំពង់ផែគ្រោងនឹង ពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ ឱ្យបានធំទូលាយជាងមុន ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ៣៥លានដុល្លារបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពក្នុងការផ្ទុកកុងតឺន័រឱ្យបានរហូតដល់៥០ម៉ឺនTEUs ក្នុងមួយឆ្នាំ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពិធីមួយ ដែលបានធ្វើនៅកំពង់ផែភ្នំពេញ ស្ថិតក្នុងស្រុកកៀនស្វាយខេត្តកណ្តាលបានឲ្យដឹងនាព្រឹកថ្ងៃទី១៤ ធ្នូនេះថា គម្រោងអភិវឌ្ឍន៍ពង្រីកចំណតផែកុងតឺន័រក្នុងជំហានទី៣បន្ដទៀតនេះ ដោយសារតែកំពង់ផែស្វយ័តភ្នំពេញគឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់ សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងអន្ដរជាតិ។
លោកបន្តថា “បច្ចុប្បន្ននេះកំពង់ផែស្វយ័តភ្នំពេញគឺជាចំណត ផែយ៉ាងសំខាន់ដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ ដែលផ្លូវជាតិនេះ នឹងត្រូវធ្វើការពង្រីកបន្ថែមទៀត នៅតាមកន្លែងកដបមួយចំនួន ដើម្បីងាយស្រួលការធ្វើចរាចរ ជាពិសេសរថយន្ដ កុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ”។
លោកបានបន្ថែមថា បច្ចុប្បន្នទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុនហៅកាត់ថា (JICA) កំពុងធ្វើការសិក្សា ដើម្បីពង្រីកកន្លែងមួយចំនួនឱ្យបានធំទូលាយ កាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈឡានកុងតឺន័រចេញ ចូល ដឹកទំនិញច្រើនឆ្លងកាត់ មកកំពង់ផែនេះផងដែរ។
លោកស៊ុន ចាន់ថុលក៏បានណែនាំដល់ដល់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបន្ដយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពប្រកួតប្រជែងសេវាកម្មផែ តាមរយៈតម្លៃ និងគុណភាពសេវា បន្ថែមទៀត ជាពិសេសពង្រីកសេវាកម្មផែផ្សេងៗទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ នៅក្នុងបរិបទសកលភាវូបនីយកម្ម។
កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្ដើមសាងសង់ចំណតផែកុងតឺន័រ ក្នុងជំហានទី១ ចាប់តាំងពីឆ្នាំ២០១១មក ដោយចំណាយថវិកាប្រមាណ២៨.៩លានដុល្លារ ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ម៉ឺន TEUs ក្នុងមួយឆ្នាំ ហើយគម្រោងក្នុងជំហានទី២ ចំណាយថវិកាប្រមាណ៩លានដុល្លារ និងមានសមត្ថភាពផ្ទុកកុងតឺន័របានចំនួន៣០ម៉ឺន TEUs។ ចំណែកគម្រោងទី៣ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ គ្រោងនឹងចំណាយថវិកាប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់៥០ម៉ឺន TEUs ក្នុងមួយឆ្នាំ៕