ការព្យារកណ៍ថ្មីៈវិស័យសំណង់នឹងបន្តរក្សាកំណើនតែក្នុងកម្រិត ទាបនៅឆ្នាំ២០២៣

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ យោងតាមខ្លឹមសារសង្ខេប នៃសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា សកម្មភាពនៃវិស័យសំណង់លំនៅឋាន នឹងបន្តរីកចម្រើនតិចតួចនៅ ឆ្នាំ ២០២​៣ខាងមុខ។

ក្នុងសេចក្ដីព្រាងច្បាប់ដដែលនេះបានឱ្យដឹងថា វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុអត្រា៩,២ភាគរយ ក្នុងឆ្នាំ ២០២៣ ប្រហាក់ប្រហែលនឹងកំណើនឆ្នាំ២០២២ ពោលគឺក្នុងអត្រា៩ភាគរយ  ដោយសារការរំពឹងទុកលើការបន្តកំណើនរឹងមាំ នៃអនុវិស័យកាត់ដេរនិងកម្មន្តសាលមិនមែនកាត់ដេរ ខណៈសំណង់ត្រូវបានព្យាករថា នឹងបន្តងើបឡើងវិញក្នុងអត្រាកំណើនទាបជាងនិន្នាការធម្មតា ។

ការព្យាករណ៍នេះ ដោយសារតែរំពឹងលើការងើបឡើងវិញយឺត នៃរំហូរទុនវិនិយោគពីបរតេស ជាពិសេសសម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជាសំណង់បម្រើឱ្យវិស័យទេសចរណ៍និងពាណិជ្ជកម្ម ។

អ្នកនាងជិន ច័ន្ទដាលុច្សប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនCBRE Cambodia បានលើកឡើងផងថា សម្រាប់ទស្សនរបស់អ្នកនាងផ្ទាល់មិនអាចវាយតម្លៃបានទេ ពីស្ថានភាពអចលនទ្រព្យក្នុងពេលបច្ចុប្បន្ននេះ និងនៅពេលអនាគត ពីព្រោះយើងបានឃើញពីស្ថានភាព មិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដែលវាមានពាក់ព័ន្ធនឹងការវិនិយោគផ្ទាល់ ពីបរទេសនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។

អ្នកនាងបន្តថា តម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងត្រីមាសទី៣កន្លងទៅនេះ ដែលរបាយការណ៍របស់ក្រុមហ៊ុនយើង បានចេញផ្សាយបានបង្ហាញផងដែរ ពីការបន្តធ្លាក់ចុះនៃតម្លៃ និងតម្រូវការនៅលើទីផ្សារស្របពេលដែលការផ្គត់ផ្គង់ នៅលើទីផ្សារក៏បន្តកើនឡើងជាបន្តបន្ទាប់”។អ្នកនាងបន្តថា “វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាអាចនឹងប្រសើរឡើង លុះត្រាតែមានការបណ្ដាក់ទុនវិនិយោគផ្ទាល់ពីបរទេស ដូចកាលមុនកូវីដ១៩ ជាពិសេសពីប្រទេសចិន ខណៈបច្ចុប្បន្ននេះ ចិនដែលចូលមកវិនិយោគនៅកម្ពុជាមានការថមថយ និងបានជំនួសមកវិញនូវវិនិយោគិនមកពីបណ្ដាប្រទេសអាស៊ាន ។

អ្នកនាងបន្ថែមថា “ឆាប់ៗនេះក្នុងវិស័យអចលនទ្រព្យ យើងមិនទាន់អាចវាយតម្លៃបានថា អចលនទ្រព្យយើងរីកចម្រើន ឬមានសន្ទុះនោះទេ”។ អ្នកនាងបន្ថែមថា “វានឹងអាចមានសន្ទុះ ឡើងវិញលុះត្រាតែ មានវិនិយោគពីប្រទេសជិតខាង ឬពីប្រទេសមហាអំណាចធំៗដូចជាចិនជាដើម ប៉ុន្តែកក្នុងពេលបច្ចុប្បន្ននេះចិន ក៏មានបញ្ហាសេដ្ឋកិច្ចដែរ ដែលគេត្រូវការស្ដារសេដ្ឋកិច្ចរបស់គេ មុននឹងគេចេញទៅក្រៅប្រទេស ដើម្បីស្វែងរកការវិនិយោគ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here