ដោយ៖ សុផារី
ភ្នំពេញ៖ ប្រទេសកម្ពុជាចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនទំនើបតម្លៃ៨០ម៉ឺនដុល្លារ ជាលើកទីមួយមិនធ្លាប់មានពីមុនមក ក្នុងការត្រួតពិនិត្យគុណភាពស្ពាន និងថែទាំស្ពាន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមកាងារ នាំយករថយន្តភ្ជាប់ជាមួយនឹងម៉ាស៊ីនទំទើប ដែលមានជាលើកទី១នៅកម្ពុជា ចុះត្រួតពិនិត្យលើគុណភាពស្ពានព្រែកតាមាក់ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីបានស្វែងយល់បន្ថែមពីគុណភាពស្ពាន និងការប្រើប្រាស់គ្រឿងចក្រ ទំនើបមួយនេះក្នុងការថែទាំស្ពាន។
-->

ឆ្លើយតបនឹងការសាកសួរពីគុណភាពស្ពានក្រោយធ្វើការចុះត្រួតពិនិត្យរួច លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រោយធ្វើការចុះត្រួតពិនិត្យរួច ឃើញមានបញ្ហាប្រេះស្រាំតិចតួច ហើយមន្ត្រីជំនាញក្រសួង ក៏បានបញ្ជាក់ប្រាប់ដល់ក្រុមហ៊ុនសាងសង់ ឱ្យបានដឹងរួចហើយដែរ ដើម្បីធ្វើការជួលជុលឡើងវិញ។
លោកទេសរដ្ឋមន្ត្រី បានអះអាងដែរថា ស្ពានព្រែកតាមាក់នេះ ក៏បានដាក់ប្រព័ន្ធសិនសឺររួចហើយដែរ ដើម្បីបានដឹកពីភាពញ័ររង្គើពេលមានរថយន្តបើកឆ្លងកាត់ ក្រោយមានរថយន្តដែលភ្ជាប់នឹងឧបករណ៍ទំនើរនេះ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រថយន្តដែលបានភ្ជាប់នឹងម៉ាស៊ីនទំនើបនេះមានតម្លៃ៨០ម៉ឺនដុល្លារ ដែលបានប្រើប្រាស់ថវិកាជាតិទិញ ដើម្បីទុកសម្រាប់ធ្វើការត្រួតពិនិត្យលើគុណភាពស្ពាន ផ្នែកខាងក្រោម ដើម្បីអាចដឹកថា ស្ពាននេះមានស្នាមប្រេះស្រាំ ខូចខាតឬអត់ ខណៈពេលដែលមិនទាន់មានរថយន្តនេះ គឺមានភាពពិបាកខ្លាំងណាស់ នៅពេលដែលចង់ចុះមើលបាតស្ពានម្តង ហើយរថយន្តទំនើបនេះមានសមត្ថភាពខ្ពស់ ដែលផ្ទុកមនុស្សបានចំនួន១០នាក់ ដើម្បីចុះពិនិត្យមើលបាតស្ពានបានយ៉ាងងាយស្រួលផងដែរ៕
