រាជធានីខេត្តចំនួន៤ទាក់ទាញគម្រោងវិនិយោគបរទេសបានច្រើនបំផុត

ចែករំលែក

ដោយ៖ សុផារី

ភ្នំពេញ៖ ឆ្នាំ២០១៩ត្រូវបានវាយតម្លៃថា ជាឆ្នាំដែលមានការវិនិយោគមកកាន់ប្រទេសកម្ពុជា ឈានដល់កម្រិតកំពូល មុនធ្លាក់ចុះខ្លាំងនៅក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺ។ រហូតមកទល់ឆ្នាំ២០២១ គម្រោងវិនិយោគចាប់ផ្តើមមានការកើនឡើងវិញបណ្តើរៗ។

 

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា រាជធានីខេត្តក្រុងសំខាន់ៗចំនួន៤ ទាក់ទាញបានលំហូរទុនវិនិយោគពីបរទេសច្រើនបំផុត រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប និងកំពង់ស្ពឺ។

បើយោងតាម “សន្ទស្សន៍លទ្ធផល FDI ផ្ទៃក្នុងឆ្នាំ២០២២” របស់ Investment Monitor ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ប្រឈមនឹងវិបត្តិកូវីដ១៩ ការវិនិយោគផ្ទាល់ពីបរទេសបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ ដោយតួលេខគម្រោងបានធ្លាក់ចុះ៦៥,១ភាគរយ មកនៅត្រឹម១៨គម្រោង ហើយនៅឆ្នាំ២០២១ ដែលធ្លាក់ចុះបន្ថែមទៀតដល់១៥គម្រោងតែប៉ុណ្ណោះ។ ក្នុងនោះទីតាំងវិនិយោគ ដែលច្រើនបំផុតគឺ រាជធានីភ្នំពេញមានចំនួន៨គម្រោង ខេត្ត​ព្រះសីហនុ ជាប់​ចំណាត់​ថ្នាក់​លេខ២ ខណៈ​ក្រុង​សៀមរាប និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ជាប់​ចំណាត់​ថ្នាក់​លេខ៣។

 

របាយការណ៍នេះឱ្យដឹងថា នៅក្នុងឆ្នាំ២០២១កន្លងមក ប្រទេសដែលនាំយកទុនវិនិយោគ FDI មកកាន់ប្រទេសកម្ពុជាច្រើនជាងគេ រួមមានប្រទេសសិង្ហបុរិ ចិន សហរដ្ឋអាមេរិក មីយ៉ាន់ម៉ា ហុងកុង និងហូឡង់។​

 

របាយការណ៍ស្តីពីការវិនិយោគពិភពលោកឆ្នាំ២០២០ របស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ បានឱ្យដឹងថា នៅក្នុងលក្ខខណ្ឌនៃការវិនិយោគទុន ចំនួននេះបានកើនឡើង១៥,៥ភាគរយ លើសឆ្នាំ២០១៨ ដល់ទៅ៣,៧ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ខាងលើ វិស័យទេសចរណ៍ បន្តជាវិស័យឈានមុខគេ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាក្នុងរយៈពេលបីឆ្នាំជាប់គ្នា ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ផងដែរ។ ចំណាត់ថ្នាក់ទី២ គឺធុរកិច្ច និងសេវាកម្ម វិជ្ជាជីវៈ (Business and professional services) ដែលបានត្រលប់ទៅកម្រិតឆ្នាំ២០១៩ ដោយមានគម្រោងចំនួន៣ នៅឆ្នាំ២០២១ និងធ្លាក់ចុះដល់ចំនួន២គម្រោង ក្នុងឆ្នាំ២០២០។ ចំណែក ទីផ្សារឧស្សាហកម្មកៅស៊ូ ក៏បានទាក់ទាញគម្រោងវិនិយោគចំនួនពីរគម្រោង កើនឡើងពី០គម្រោងក្នុងឆ្នាំ២០១៩ និង២០២០។

 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា បានមានប្រសាសន៍កាលពីដើមសប្តាហ៍នេះថា កម្រិតការចាក់វ៉ាក់សាំងខ្ពស់ និងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យបានជួយកម្ពុជាឱ្យវិលទៅកាន់គន្លងកំណើនលឿនជាងការរំពឹងទុក។

 

លោក​បាន​បញ្ជាក់​ថា ​​”​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជាមាន​ភាព​ធន់ ​និង​រឹងមាំ​ សម្រាប់​កំណើន​ ដោយ​មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាច្រើន​បានដាក់ដំណើរការ​ផង​ដែរ​”៕


ចែករំលែក