អ្នកអភិវឌ្ឍន៍ខុនដូកំពុងមានភាពបត់បែនដើម្បីដណ្តើមចំណែកទីផ្សារ ស្របពេលប្រឈមការប្រកួតប្រជែងខ្ពស់

0

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងខុនដូដែលបាន និងកំពុងសាងសង់យ៉ាងច្រើន នៅក្នុងក្រុងភ្នំពេញ ត្រូវបានមើលឃើញថា កំពុងប្រឈមនឹងការប្រកួតប្រជែងខ្ពស់ ស្របនឹងបរិបទមិនច្បាស់លាស់នៃវិបត្តិសេដ្ឋកិច្ចពិភពលោក។

អ្នកជំនាញលើកឡើងថា បញ្ហានេះបណ្តាលមកពីមូលហេតុមួយចំនួន ហើយអ្នកអភិវឌ្ឍន៍ អាចដោះស្រាយបានតាមរយៈវិធីផ្សេងៗ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២ ខែវិច្ឆិកាម្សិលមិញថា ការអភិវឌ្ឍទីផ្សារខុនដូមានការប្រកួតប្រជែងខ្លាំង ដោយសារតែតម្រូវការទុនវិនិយោគ ការប្រកួតប្រជែងក្នុងការលក់ជាដើម។

អ្នកជំនាញរូបនេះលើកឡើងថា “ទីផ្សារខុនដូ ជាបរិបទនៃការរស់នៅថ្មី ដែលមានភាពស៊ីវិល័យរបស់យុវជនសម័យថ្មី ដែលតម្រូវការនឹងមានការកើនឡើង”។ លោកបន្ថែមថា ស្ថានភាពនៃការប្រើប្រាស់ និងតម្រូវការខុនដូ នាពេលបច្ចុប្បន្ននេះ មានកំណើនបន្តិចម្តងៗ”។

លោកបន្តថា ប្រសិនបើក្រលេកមកមើលអ្នកវិនិយោគវិញ ពួកគាត់ព្យាយាមចាប់យកចំណែកទីផ្សារ ពួកគេបានចាប់ផ្តើមផ្លាស់ប្តូរការគិត ដោ​យធ្វើយ៉ាងណាឱ្យមានភាពងាយស្រួល ក្នុងការរស់នៅក្នុងវិស័យខុនដូបន្ថែ​មទៀត។

ជាមួយគ្នានេះ លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា នាពេលបច្ចុប្បន្ននេះ សម្រាប់អ្នកវិនិយោ គដែលចាប់យកក្រុមអតិថិជនក្នុងស្រុក មិនសូវជាមានហានិភ័យខ្ពស់នោះទេ។ ចំណែកគម្រោងដែលផ្តោតលើអតិថិជនបរទេស ដែលរស់នៅក្រៅស្រុក នោះគាត់អាចនឹងប្រឈមនឹងហានិភ័យ។

លោកមានប្រសាសន៍ថា ម្យ៉ាងទៀត អាស្រ័យលើរបៀបនៃការវិនិយោគគម្រោងនោះថា តើអ្នកអភិវឌ្ឍន៍មានដើមទុនគ្រប់គ្រាន់ សម្រាប់ការសាងសង់ដែរឬទេ? ស្របពេលនឹងបរិបទមានវិបត្តិបែបនេះ វាអាស្រ័យលើស្ថានភាពក្រុមហ៊ុន និងបច្ចេកទេសក្នុងការដោះស្រាយបញ្ហា ដែលកំពុងប្រឈមនេះផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here