ដោយៈ សុផារី
ភ្នំពេញៈ ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញកើនដល់១១៥,៤ភាគរយ ដែលមានន័យថា តម្លៃលំនៅដ្ឋានជាមធ្យមនៅរាជធានីភ្នំពេញ បានកើនឡើង១៥,៤% ធៀបនឹងឆ្នាំ២០២០ ដែលត្រូវបានកំណត់ជាឆ្នាំគោល។
យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា (NBC) ដែលបានធ្វើឡើងក្នុងខែសីហា នៃឆ្នាំ២០២២ ដែលទើបត្រូវបានចេញផ្សាយនៅក្នុងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញថា លំនៅដ្ឋាននៅរាជធានីភ្នំពេញ មានតម្លៃជាមធ្យមចំនួន៤៦៨,៤លានរៀល ដែលស្មើនឹង១១៤.១៦៤ដុល្លារអាមេរិក។
-->

របាយការណ៍នេះបានឱ្យដឹងថា តម្លៃលំនៅឋាននេះ បានកើនឡើងចំនួន១,៥% ធៀបនឹងខែកក្កដាឆ្នាំ២០២២ និងបើប្រៀបធៀបនឹងខែសីហា នៃឆ្នាំ២០២១ គឺបានកើនឡើងចំនួន១,៨%។
NBC បានបញ្ជាក់ថា វិធីសាស្រ្តប្រើប្រាស់សម្រាប់បង្កើតសន្ទស្សន៍ថ្លៃលំនៅដ្ឋាន (Residential Property Price Index-RPPI) ត្រូវបានយកលំនាំតាមសៀវភៅណែនាំស្តីពី ការចងក្រងសន្ទស្សន៍ថ្លៃលំនៅដ្ឋានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេញផ្សាយឆ្នាំ២០២០។
សន្ទស្សន៍ថ្លៃលំនៅដ្ឋាននេះ ត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់សាធារណជន ដែលមានតម្រូវការក្នុងការប្រើប្រាស់ទិន្នន័យនេះ ជាពិសេសសម្រាប់អ្នករៀបចំ គោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុ ក្នុងគោលបំណង តាមដានអតុល្យភាពម៉ាក្រូសេដ្ឋកិច្ច និងវាយតម្លៃហានិភ័យដែលអាចកើតមានលើវិស័យពាក់ព័ន្ធ ពិសេសវិស័យហិរញ្ញវត្ថុ ដោយមានការធ្វើបទបង្ហាញ ពីមន្រ្តីជំនាញរបស់ធនាគារជាតិនៃកម្ពុជា៕
