ដោយៈគង់ សូរិយា
បាត់ដំបងៈ ក្រុមស្ថាបត្យករក្នុងស្រុក មកពីប្រទេសថៃ និងបណ្តាស្ថាបត្យករល្បីៗជាច្រើនទៀត គ្រោងរៀបចំសិក្ខាសាលាស្តីពី ការគូររូបឯកសារស្ថាបត្យកម្មលើកទី១ នៅក្រុងបាត់ដំបង។
គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើងក្នុងជំនួប រវាងលោកសុខ លូ អភិបាលខេត្តបាត់ដំបង ការងារជាមួយក្រុមការងារអង្គការ VERNADOC កម្ពុជា ដែលជំនួបនេះធ្វើឡើង ដើម្បីស្នើសុំការអនុញ្ញាតរៀបចំសិក្ខាសាលាអន្តរជាតិពីការគូររូប ឯកសារបែបស្ថាបត្យកម្មលើកទី១ នៅក្នុងខេត្តបាត់ដំបង ដោយផ្ដោតទៅលើអគារប្រវត្តិសាស្រ្ដ សាលាខេត្តចាស់ និងបណ្ដាអគារបេតិកភណ្ឌផ្សេងៗទៀតនៅក្នុងខេត្តបាត់ដំបង ។
-->
នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រីប្រធានគម្រោង VERNADOC CAMBODIA លោកស្រីសាស្រ្ដាចារ្យស្ថាបត្យកម្មនៃសាកលវិទ្យាល័យ រ៉ាំងស៊ីត (ប្រទេសថៃ) ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
គម្រោងនេះ មានការចូលរួមជាលក្ខណៈស្ម័គ្រចិត្ត ពីសំណាក់បណ្ដាស្ថាបត្យករល្បីៗក្នុងស្រុក និងនៅលើសកលលោក ព្រមទាំងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយកម្មវិធីនេះមានគោលបំណងរួមចំណែកចូលរួមអភិរក្សមរតកវប្បធម៌ជាតិ ឱ្យនៅគង់វង្សសម្រាប់ជាពុទ្ធិ និងកេរ្ដិ៍ដំណែលដល់អ្នកជំនាន់ក្រោយ និងដើម្បីធ្វើការចងក្រងសំណង់អគារបុរាណចាស់ជាឯកសារ ដើម្បីបណ្ដុះចិត្តដល់អ្នកជំនាន់ក្រោយ មានចិត្តស្រឡាញ់អគារចាស់ៗផងដែរ ។

លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងនេះ ជាខេត្តដែលមានសក្ដានុពលលើវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យទេសចរណ៍ ហើយក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តបាត់ដំបងបានធ្វើការទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើននាំមុខគេ ក្នុងបណ្ដារាជធានីខេត្ត ជាខេត្តសម្បូរទៅដោយកន្លែងទេសចរណ៍មិនថាធម្មជាតិ ឬកែច្នៃទេ ហើយសម្បូរទៅដោយកន្លែងដែលជាលក្ខណៈវប្បធម៌ផងដែរ ។
លោកបញ្ជាក់ថា “ការបណ្ដុះគំនិតនេះ គឺជារឿងដែលល្អប្រសើរ ដើម្បីបណ្ដុះគំនិតដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗទៀតស្រលាញ់ និងមានការចាប់អារម្មណ៍ ចំពោះសំណង់ស្ថាបត្យកម្មខ្មែរបុរាណ មើលឃើញពីអត្ថប្រយោជន៍នៃសំណង់បុរាណខ្មែរ និងចូលរួមអភិរក្សសំណង់បុរាណទាំងនោះ ឱ្យបានគង់វង្ស និងល្អប្រសើរ”។ លោកបន្តថា គំរោងនេះក៏ជួយជម្រុញឱ្យខេត្តបាត់ដំបង កាន់តែទាក់ទាញ់បន្ថែមទៀត ហើយខេត្តបាត់ដំបងទៀតសោត ស្ថិតក្នុងបណ្ដាញនៃទីក្រុងឆ្លាត (SMART CITY) ដូចនេះនៅពេលខាងមុខទៀត ខេត្តបាត់ដំបង នឹងកាន់តែទាក់ទាញថែមទៀតជាក់ជាមិនខាន៕
