អ្នកជំនាញ៖ ការវិនិយោគអចលនទ្រព្យនៅកម្ពុជានៅតែទទួលបានប្រាក់ចំណេញខ្ពស់

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ បើទោះជាស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកមិនទាន់ត្រឡប់ទៅរកប្រក្រតីភាពវិញក្តី អ្នកជំនាញមើលឃើញថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែអាចទទួលបានប្រាក់ចំណេញខ្ពស់ បើធៀបនឹងប្រទេសផ្សេងៗ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នៅតែអាចផ្តល់ប្រាក់ចំណេញដល់អ្នកវិនិយោគ។ បើប្រៀបធៀបនឹងប្រទេសជាច្រើននៅលើពិភពលោក ការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា អាចផ្តល់ប្រាក់ចំណេញត្រលប់មកវិញខ្ពស់ជាងប្រទេសផ្សេងៗទៀត។

លោកបន្តថា តាមរយៈបទពិសោធន៍ធ្វើដំណើរទៅកាន់ប្រទេសជាច្រើន នៅលើពិភពលោក រួមទាំង សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសរីកចម្រើនជាច្រើន លោកសង្គេតឃើញថា ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសទាំងនោះ ទទួលបានប្រាក់ចំណូលទាប ធៀបនឹងប្រទេសកម្ពុជា ដែលការវិនិយោគមានសុខសុវត្ថិភាព និងមានការជឿជាក់ផងដែរ។

លោកបន្ថែមថា “កម្ពុជានៅតែមានសក្ដានុពលខ្ពស់ ក្នុងការវិនិយោគ និងអាចទទួលបានប្រាក់ចំណេញ ប៉ុន្តែកម្ពុជាមិនត្រូវបានគេផ្សព្វផ្សាយឱ្យបានដឹងនោះទេ។ ប្រសិនជាគេផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា យើងជឿជាក់ថា វិនិយោគិនបរទេសនឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគ និងយកប្រាក់ចំណូលត្រលប់ទៅប្រទេសគេវិញ និងនាំមកនូវការរីកចម្រើន ក្នុងប្រទេសកម្ពុជាផងដែរ”។

អ្នកនាង អាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងផងដែរថា ទោះបីជាស្ថានភាពបច្ចុប្បន្ន វិស័យអចលនទ្រព្យមើលទៅអាចមានការថមថយ ជាងឆ្នាំ២០២០ និង២០២១ និងឆ្នាំមុនៗទៀតក៏ពិតមែន ប៉ុន្តែសម្រាប់វិនិយោគិន ដែលបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ពួកគាត់នឹងនៅតែទទួលបាននូវប្រាក់ចំណេញខ្ពស់ដដែល។

 

អ្នកនាងបន្តថា  យើងនៅតែជឿជាក់លើការរីកចម្រើន នៃវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ពីព្រោះយើងនៅមានភាពទូលំទូលាយសម្រាប់អភិវឌ្ឍន៍ បើធៀបនឹងប្រទេសក្នុងតំបន់និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here