អ្នកជំនាញ៖ ការវិនិយោគខុនដូជាខុនដូតែលជាជម្រើសវិនិយោគថ្មីមួយដ៏ឆ្លាតវៃ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ខុនដូថែល ជានិន្នាការថ្មីមួយ ដែលមិនសូវជាពេញនិយមច្រើនឡើយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវាមិនមែនជាពាក្យថ្មីឡើយសម្រាប់ទីផ្សារអចលនទ្រព្យសកល។ អ្នកជំនាញលើកឡើងថា ការកែច្នៃខុនដូចេញជាអូតែល ជាជម្រើសវិនិយោគដ៏ឆ្លាតវៃមួយថ្មី ព្រោះវាបានផ្តល់នូវភាពងាយស្រួលនិងចំណាយទុនវិនិយោគតិចជាងមុន។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា ខុនដូតែលមិនមែនជារឿងថ្មីឡើយនៅក្នុងទីផ្សារ ប៉ុន្តែវាជារឿងថ្មីសម្រាប់បរិបទប្រទេសកម្ពុជា។ ខុនដូតែល គឺជាការប្រើប្រាស់អាគារខុនដូ ធ្វើជាអូតែល សម្រាប់ការស្នាក់នៅភ្ញៀវក្នុងរយៈពេលខ្លី ឬមធ្យម។

លោកមានប្រសាសន៍ថា ខុនដូតែលចាប់ផ្តើមក្លាយជាការពេញនិយម ដោយសារហេតុផលសំខាន់ៗមួយចំនួន។ ទី១ គឺអ្នកវិនិយោគមិនចាំបាច់ទិញដីដើម្បីធ្វើការសាងសង់នោះទេ ដោយអ្នកវិនិយោគគ្រាន់តែកាន់កាប់អាគារខុនដូ១ឬ២ជាន់មានចំនួន៥០យូនីតក៏អាចប្រែក្លាយជាអាគារសណ្ឋាគារសម្រាប់ស្នាក់នៅបាន។

លោកបន្តថា ហេតុផលទី២ គឺ អ្នកវិនិយោគមិនចាំបាច់ត្រូវចំណាយលើតម្លៃនៃសេវាកម្មមួយចំនួន (Operation cost) ដូចជាការធ្វើប្រតិបត្តិការសណ្ឋាគារបច្ចុប្បន្ននោះទេ។ លោកបានបញ្ជាក់ថា នៅក្នុងការបើកអូតែលធម្មតា ឬ Traditional Hotel មានថ្លៃចំណាយលើ Operation Cost ជាច្រើន ដូចជា បុគ្គលិកផ្នែកសំអាត ផ្នែកប្រតិបត្តិការ ផ្នែកអាហារ ផ្នែកទទួលភ្ញៀវ ។ល។ ខណៈការបើកដំណើរការខុនដូតែលមានManagement fee រួចរាល់ហើយ មានឧបករណ៍ផ្តល់ភាពងាយស្រួលមួយចំនួនស្រាប់ទៅហើយ ដូចជា អាងហែលទឹក ជាដើម។

លោកថា “ដូច្នេះអ្វីដែលអ្នកវិនិយោគត្រូវការកឺការគ្រប់គ្រងអតិថិជនតែប៉ុណ្ណោះ។ យើងចំណេញលើកម្លាំងពលកម្ម និងប្រតិបត្តិការបានច្រើន”។

ចំណុចទី៣ នោះគឺ ការផ្តល់នូវតម្លៃល្អមួយ។ លោកលើកឧទាហរណ៍ប្រៀបធៀបជាក់ស្តែងថា ប្រសិនបើវិនិយោគិនចំណាយ១០ម៉ឺនដុល្លារសម្រាប់ការសាងសង់អូតែលធម្មតា នោះ៥០យូនីត វិនិយោគិនត្រូវចំណាយ៥លានដុល្លារអាមេរិក បូកផ្សំនឹងតម្លៃដីធ្លី និងតម្លៃសេវាកម្មដែលត្រូវជួលកម្លាំងពលកម្មទៀតនោះ នឹងចំណាយមិនតិចជាង២០ទៅ៣០លានដុល្លារអាមេរិកនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើយើងចំណាយទិញខុនដូ ហើយកែច្នែជាខុនដូថែល នោះអ្នកវិនិយោគមិនចាំបាច់ត្រូវបារម្ភ និងឈឺក្បាលឡើយ។

ទោះបីជានិន្នាការនេះមិនទាន់មានការពេញនិយមខ្លាំងនាពេលបច្ចុប្បន្នក្តី អ្នកជំនាញខុនដូរូបនេះ ជឿជាក់ថា ប្រសិនបើវិនិយោគិនដែលមានភាពវៃឆ្លាត ពេលនេះជាឱកាសល្អបំផុតសម្រាប់ការវិនិយោគលើនិន្នាការថ្មីមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here