ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ក្នុងបរិបទបច្ចេកវិទ្យាកំពុងមានការរីកចម្រើនជាលំដាប់ ការប្រើប្រាស់បច្ចកវិទ្យាឌីជីថលនៅក្នុងអាជីវកម្មកាន់តែមានកំណើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង នៅក្នុងវិស័យអចលនទ្រព្យ ប្រតិបត្តិករជាច្រើនបាន និងកំពុងប្រើប្រាស់បច្ចកវិទ្យាឌីជីថល នៅក្នុងអាជីវកម្ម ដើម្បីបង្កើននូវទំហំ នៃការទិញលក់អចលនទ្រព្យកាន់តែមានសន្ទុះកំណើន។
លោក សុង ហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Flexible Solution បានមានប្រសាសន៍ឱ្យដឹងថាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងវិស័យអចលនទ្រព្យនេះ នឹងជួយដល់ភ្នាក់ងារអចលនទ្រព្យឱ្យមានពេលវេលាគ្រប់គ្រាន់ ឬអាចមានពេលវេលា ក្នុងការធ្វើអ្វីបានផ្សេងទៀត ដូច្នេះវាជួយច្រើនណាស់ទៅដល់ភ្នាក់ងាររបស់យើង។
លោកបន្តថា តាមរយៈរបាយការណ៍ ដែលបង្ហាញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា កំណើននៃអ្នកប្រើប្រាស់ទូរសព្ទដៃចល័ត និងអ្នកប្រើប្រាស់អ៊ីនធើណេត នៅក្នុងប្រទេសកម្ពុជា បានកើនឡើងជាបន្តបន្ទាប់។ ដូច្នេះ យើងរំពឹងថាការដាក់បញ្ចូលប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ទៅក្នុងអាជីវកម្មវិស័យអចលនទ្រព្យ នឹងមានអ្នកប្រើប្រាស់កាន់តែច្រើន ហើយក្នុងនាមជាក្រុមហ៊ុនប្រតិបត្តិករក្នុងវិស័យអចលនទ្រព្យ យើងនឹងជំរុញឱ្យភ្នាក់ងារអចលនទ្រព្យក្នុងគ្រុប Century 21 យល់ដឹងនឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែច្រើន។
អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia ក៏បានលើកឡើងផងដែរថា បច្ចេកវិទ្យាឌីជីថលនឹងអាចជួយភ្នាក់ងារពន្លឿន នូវការបិទការទិញលក់អចលនទ្រព្យ ថែមទាំងជួយសម្រួលការទិញលក់អចលនទ្រព្យបានលឿនផងដែរ។
អ្នកស្រីបន្តថា “បណ្ដាប្រទេសជាច្រើននៅលើពិភពលោក បានប្រើប្រាស់ប្រព័ន្ធតិចណូឡូជីច្រើនណាស់ ហើយគេក៏បានផលច្រើន ពីការប្រើប្រាស់នៃប្រព័ន្ធតិចណូឡូជីនេះដែរ។ សម្រាប់កម្ពុជាក៏គួរតែជំរុញឱ្យប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងវិស័យអចលនទ្រព្យ កាន់តែទំនើប និងមានការប្រើប្រាសទូលំទូលាយផងដែរ ដែលនឹងអាចជំរុញឱ្យមានការធ្វើប្រតិបត្តិការទិញលក់បានច្រើនជាងមុន”៕