ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ផ្តើមអាជីពជាភ្នាក់ងារអចលនទ្រព្យសាមញ្ញមួយរូប រហូតក្លាយជាអ្នកវិនិយោគដ៏ធំ និងលេចធ្លោក្នុងវិស័យនេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងតែងតែចែករំលែកចំណេះដឹងនានា ពាក់ព័ន្ឋនឹងវិស័យនេះ ដើម្បីឲ្យសាធារណៈជនមានការយល់ដឹង។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្ពុជាឈានពីប្រទេសតតិយលោក មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅកាន់ទៅកាន់ ប្រទេសមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នាពេលខាងមុខ។
-->

លោកឧកញ៉ាបន្តថា “ចំណែកកត្តាមួយទៀត គឺកម្ពុជាមានស្ថេរភាពនយោបាយ មិនដូចមនុស្សមួយចំនួនមិនធ្លាប់ស្គាល់កម្ពុជា ចេះតែនិយាយផ្តេសផ្តាសឡើយ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ នយោបាយកម្ពុជាមានលំនឹងល្អណាស់”។
លោកបន្ថែមថា “ការវិនិយោគដីធ្លីមានភាពពេញនិយម នៅកម្ពុជា ដោយអ្នកមានប្រាក់ក្នុងរង្វង់៧០ភាគរយ ទទួលភាពមានបានដោយសារដីធ្លី”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានបន្តថា កត្តាសំខាន់ទី២ លំហូរទុនវិនិយោគពីបរទេសច្រើន ព្រោះប្រជាពលរដ្ឋកម្ពុជា មានបេះដូងទូលាយ មានភាពរួសរាយរាក់ទាក់ រៀនគ្រប់ភាសា ដែលធ្វើឲ្យកម្ពុជាមានភាពទាក់ទាញទុនវិនិយោគពីបរទេស គួរផ្សំនឹងការរីកចម្រើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងមូលដ្ឋានច្បាប់វិនិយោគដ៏ល្អ។
លោកបន្តថា ប្រភពទុនវិនិយោគចំនួនប្រភេទ៣ អាចជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនកាន់តែខ្លាំង មានដូចជា ទី១ អ្នកវិនិយោគក្នុងស្រុក ដែលពួកគាត់បញ្ចេញលុយវិនិយោគ ព្រោះនៅកម្ពុជាមានអ្នកមានក្នុងស្រុកច្រើន បើពួកគាត់បញ្ចេញទុនវិនិយោគច្រើន នឹងជួយសេដ្ឋកិច្ចយើងបានកាន់តែប្រសើរ។
ទី២ ទុនវិនិយោគពីបរទេស ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ អ្នកវិនិយោគចិនបានដើរតួនាទីសំខាន់ណាស់ ក្នុងសេដ្ឋកិច្ច ពិសេសក្នុងវិស័យអចលនទ្រព្យ និងទី៣ ពេលអញ្ជើញទៅកាន់អាមេរិក និងប្រទេសស្វីសសម្តេចតេជោ នឹងពិចារណាពីលទ្ធភាព ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលនេះជាសញ្ញាដ៏ល្អមួយ ដែលយើងរង់ចាំជាយូរមកហើយ។

ទី៣ បើពួកគាត់ (ខ្មែរនៅក្រៅប្រទេស) ទទួលបានអត្តសញ្ញាណប័ណ្ណ ហើយ យើងទាក់ទាញឲ្យពួកគាត់មកវិនិយោគនៅកម្ពុជា ពិតជាសំខាន់ណាស់ ព្រោះទុនវិនិយោគរបស់អ្នកមានខ្មែរនៅក្រៅប្រទេស ទំហំទុនវិនិយោគរបស់ពួកគាត់ មានមិនតិចជាងទុនវិនិយោគ ពីជនបរទេសនោះទេ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា “ប្រសិនជាយើងមានប្រភពទុនទាំងបីនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់យើង កាន់តែរីកចម្រើនលឿនជាងមុនបន្ថែមទៀតមិនខាន”៕
