កម្ពុជា វៀតណាមពិភាក្សាគ្នាពីចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿន រវាងប្រទេសទាំងពីរ

0

ដោយៈ សុផារី

ស្វាយរៀងៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងភាគីវៀតណាមកំពុងពិភាក្សាគ្នាអំពីចំណុចតភ្ជាប់ រវាងផ្លូវល្បឿនលឿនរបស់វៀតណាមម៉ុកបៃ-ហូជីមិញ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយភាគីវៀតណាមសន្យានឹងផ្តល់ព័ត៌មាន ក្រោយក្រុមការងារបច្ចេកទេសបញ្ចប់នីតិវិធីការងាររៀបចំ។

នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ។

កិច្ចប្រជុំពិភាក្សានេះ បានពិភាក្សាលើការតភ្ជាប់ រវាងផ្លូវល្បឿនលឿនទាំងពីរ ដោយភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាម បញ្ជាក់ឱ្យបានច្បាស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿនលឿន របស់វៀតណាមម៉ុកបៃ-ហូជីមិញ ដើម្បីអាចធ្វើការតភ្ជាប់ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជា។

ជាលទ្ធផល ភាគីវៀតណាមសន្យានឹងផ្តល់ព័ត៌មានជាក់លាក់ ក្រោយក្រុមការងារបច្ចេកទេសបញ្ចប់នីតិវិធីការងាររៀបចំ និងបានបញ្ជាក់ថា ការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវល្បឿនលឿនរបស់វៀតណាមម៉ុកបៃ- ហូជីមិញ បានបញ្ចប់រួចរាល់ហើយ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ -ហូជីមិញត្រៀមនឹងអនុវត្តនៅចុងឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដែលស្រដៀងគ្នានេះដែរ ភាគីកម្ពុជាគ្រោងអនុវត្តគម្រោងល្បឿនលឿនភ្នំពេញ-បាវិត នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here