ដោយ: លាងហួរ
ប៉េកាំង: ផ្សារហ៊ុនរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យរបស់ប្រទេសចិន បានហក់ឡើងនៅថ្ងៃពុធនេះ បន្ទាប់ពីទីក្រុងប៉េកាំងបានពង្រីកកម្មវិធីផ្តល់ហិរញ្ញប្បទាន ដើម្បីទ្រទ្រង់ការបោះពុម្ពមូលបត្របំណុល ក្នុងវិស័យដែលជួបនូវវិបត្តិ។
ផ្សារហ៊ុនរបស់ក្រុមហ៊ុនCountry Garden បានហក់ឡើង២៣ភាគរយ ចំណែកផ្សារហ៊ុនរបស់ក្រុមហ៊ុន Longfor Group បានហក់ឡើង១៧ភាគរយ ហើយសន្ទស្សន៍អចលនទ្រព្យរបស់ប្រទេសចិនHang Sengបានហក់ឡើង៨ភាគរយ។
-->
សមាគមជាតិនៃវិនិយោគិនស្ថាប័នទីផ្សារហិរញ្ញវត្ថុ បានប្រកាសកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះថា ខ្លួននឹងពង្រីកកម្មវិធីមួយ ដើម្បីគាំទ្រការលក់បំណុលប្រហែល២៥០ពាន់លានយ័ន (៣៤,៥ពាន់លានដុល្លារ) ដោយក្រុមហ៊ុនឯកជន រួមទាំងអ្នកអភិវឌ្ឍន៍អចលនទ្រព្យផងដែរ។

សកម្មភាពនេះ ធ្វើឡើងស្របពេលក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យនៅក្នុងប្រទេសចិន ប្រឈមមុខនឹងគំនាបសាច់ប្រាក់ ដោយពួកគេស្វះស្វែងរកប្រភពថវិកាថ្មី ដើម្បីបញ្ចប់ការសាងសង់អាផាតម៉ិន និងបង់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់។
មូលបត្របំណុលជាប្រាក់ដុល្លារក្រៅប្រទេស ដែលបោះពុម្ពដោយក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនចិន ក៏បានស្ទុះងើបឡើងវិញផងដែរ ដែលក្នុងនោះមូលបត្របំណុលSeazen២០២៦ កំពុងជួញដូរនៅតម្លៃ១៤,៣៥សេនលើប្រាក់ដុល្លារនៅថ្ងៃពុធនេះ៕
