អ្នកជំនាញអចលនទ្រព្យមួយក្រុមនាំយកចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ ជាសមាជិកនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាប្រមាណ១០រូបបាន និងកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ NAR NXT ប្រចាំឆ្នាំ២០២២ នៅក្នុងសហរដ្ឋអាមេរិក ដើម្បីនាំយកនូវបទពិសោធន៍ល្អៗ ពីទីផ្សារអចលនទ្រព្យសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី៩ ខែវិច្ឆិកានេះថា កិច្ចប្រជុំរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុសហរដ្ឋអាមេរិក តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានផ្អាកក្នុងកំឡុងវិបត្តិកូវីដ១៩ ហើយទើបតែត្រូវបានបើកដំណើរការកិច្ចប្រជុំជាថ្មី នៅក្នុងឆ្នាំ២០២២នេះ។

កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម នៃសហរដ្ឋអាមេរិកនេះ នឹងប្រព្រឹត្តិទៅនៅក្នុងទីក្រុង Orlando នៃរដ្ឋ Florida។

លោកបានឱ្យដឹងថា “កិច្ចប្រជុំរវាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងសហរដ្ឋអាមេរិកនេះ មានគោលបំណងក្នុងការនាំយកបទពិសោធន៍ ពាក់ព័ន្ធជាមួយនឹងការធ្វើអាជីវកម្ម ក្នុងវិស័យអចលនទ្រព្យនៅក្នុងសហរដ្ឋអាមេរិក ហើយសមាគម CVEA នឹងនាំយកមកចែករំលែកនៅក្នុងប្រទេសកម្ពុជា”។

លោកបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រជុំនេះផងដែរ អ្នកដែលមានបទពិសោធន៍អំពីបច្ចេកវិទ្យា របៀបរបបនៃការជួញដូរអចលនទ្រព្យ និងរបៀបរបបការប្រើប្រាស់ហិរញ្ញវត្ថុ ក្នុងទីផ្សារអន្តរជាតិ ដើម្បីទទួលបានប្រសិទ្ធិភាព ក្នុងការជួញដូរក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។

កិច្ចប្រជុំ 2022 NAR NXT, The Realtor® Experience នេះមានការចូលរួមពីសំណាក់ ក្រុមអ្នកវាយតម្លៃវិជ្ជាជីវៈពីទូទាំងពិភពលោក ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ “ត្រៀមខ្លួន កំណត់ រីកចម្រើន” ។

ព្រឹត្តិការណ៍សមាគមពាណិជ្ជកម្មដ៏ធំបំផុតមួយនេះ មានការចូលរួមពីសំណាក់អ្នកជំនាញអចលនទ្រព្យ និងអ្នកពាក់ព័ន្ធ មកពីរដ្ឋទាំង៥០នៃទឹកដីអាមេរិក និងចំនួន៦០ប្រទេសទូទាំងពិភពលោកជាង១២.០០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here