ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ប្រទេសចិនបានសម្រេចផ្តល់ហិរញ្ញប្បទានសម្បទាន លើគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤ និងគំរោងជាច្រើនទៀត។
ឯកសារចំនួន១៨ ដែលជាកិច្ចព្រមព្រៀងរវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព នាព្រលប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
-->
ឯកសារចំនួន១៨នេះ ត្រូវបានចុះហត្ថលេខា បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺជាង ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបំពេញទស្សនកិច្ចផ្លូវការ។

ឯកសារចំនួន១៨នោះ រួមមានដូចជា
ទី១ កិច្ចព្រមព្រៀងឥណទានសម្បទាន ជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់។ ទី២កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម)។ ទី៣ លិខិតប្រគល់-ទទួល គម្រោងរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។ ទី៤អនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន។
ទី៥ វិញ្ញាបនបត្រប្រគល់-ទទួល សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។ ទី៦វិញ្ញាបនបត្រប្រគល់-ទទួលគម្រោងស្តីពី ការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនប្រយុទ្ធនឹងជំងឺកូវីដ១៩ មកកម្ពុជា។ ទី៧ វិញ្ញាបនបត្រប្រគល់-ទទួលសម្ភារៈបន្ទាន់សម្រាប់ផ្គត់ផ្គង់ និងគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន។
ទី៨ វិញ្ញាបនបតប្រគល់- ទទួលគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។ ទី៩ អនុស្សរណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅកម្ពុជា។ ទី១០ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទី១១ អនុស្សរណៈនៃការយោគយល់គ្នា លើការពង្រឹងកិច្ចសសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ។ ទី១២ កិច្ចព្រមព្រៀងនៃការផ្តល់ជំនួយវ៉ាក់សាំងសត្វ។ ទី១៣ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

ទី១៤ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យ ចត្តាឡីស័ក និងអនាម័យសត្វ សម្រាប់ផលិតផលជលផលធម្មជាតិ នាំចេញពីប្រទេសកម្ពុជាទៅ កាន់ប្រទេសចិន។ ទី១៥ កិច្ចព្រមព្រៀងស្តីពី ការទប់ស្កាត់ការលួច ការជីកកកាយ និងការនាំចេញ និងនាំចូលសម្បត្តិវប្បធម៌ដោយខុសច្បាប់។ទី១៦ កិច្ចព្រមព្រៀងស្តីពី ការបង្កើតមជ្ឈមណ្ឌលឱសថបុរាណចិនកម្ពុជា-ចិន។

ទី១៧ អនុស្សរណៈយោគយល់គ្នាស្តីពី ការផ្តល់ឧបករណ៍ និងមធ្យោបាយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងទី១៨ វិញ្ញាបនបត្រប្រគល់ទទួ លសម្រាប់គម្រោងការងារវិស្វកម្ម គាំទ្រការធ្វើឱ្យ ប្រសើរឡើងជីវភាពប្រជាពលរដ្ឋ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។
ក្រៅពីចុះហត្ថលេខានេះក៏មានពិធីសម្ពោធជានិមិត្តរូបចំនួន៣ផងដែរ ដែលធ្វើឡើងក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ក្នុងនោះមានដូចជា៖ ១៖ ពិធីសម្ពោធជានិមិត្តរូប បើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿន រាជ ធានីភ្នំពេញ-ក្រុងព្រះសីហនុ។ ២៖ តំបន់គម្រោងបង្ហាញការបញ្ចេញកាបូនិច ខេត្តព្រះសីហនុ។ ៣៖ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា។
ប្រទេសកម្ពុជា និងចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ មានរយៈពេលប្រមាណ ៦៤ឆ្នាំហើយ។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតខ្ពស់៕
