ដោយ: លាងហួរ
តូក្យូ: យោងតាមអ្នកវិភាគដែលចូលរួម ក្នុងសន្និសីទអនឡាញ MSCI Real Assets បានឱ្យដឹងថា ប្រទេសជប៉ុនកំពុងទាក់ទាញក្រុមវិនិយោគិនអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកជាច្រើន ដែលជំរុញមកពីកត្តាអត្រាការប្រាក់ទាប និងរូបិយប័ណ្ណចុះថោក ប៉ុន្តែកត្តាស្រដៀងគ្នានេះមិនបានជួយដល់ទីផ្សារអចលនទ្រព្យរបស់ចិននោះទេ។
ប្រទេសជប៉ុន និងប្រទេសចិន បានរក្សាអត្រាការប្រាក់នៅកម្រិតទាប បើទោះបីជាអត្រាការប្រាក់របស់សហរដ្ឋអាមេរិក បានហក់ឡើងយ៉ាងគំហុកក៏ដោយក្តី។
-->

ធនាគារកណ្តាលជប៉ុនបានជាប់គាំង ចំពោះគោលជំហររូបិយវត្ថុដែលធូររលុងបំផុតក្នុងរយៈពេលថ្មីៗនេះ ដោយប្រាក់យ៉េនបានធ្លាក់ចុះ នៅចំណុចមួយដល់កម្រិតទាបមិនធ្លាប់មាន ក្នុងរយៈពេល៣០ឆ្នាំធៀបនឹងប្រាក់ដុល្លារអាមេរិក។
ទន្ទឹមនឹងនេះដែរ ប្រាក់យ័នរបស់ប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបធៀបនឹងប្រាក់ដុល្លារ បន្ទាប់ពីធនាគារប្រជាជនចិន បានកាត់បន្ថយអត្រាការប្រាក់ ក្នុងខែសីហាមកត្រឹម៣,៦៥ភាគរយពី៣,៧ភាគរយ។
លោក Ben Chow ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្មអាស៊ីប៉ាស៊ីហ្វិកនៅ ក្រុមហ៊ុនMSCI បានមានប្រសាសន៍ថា ទីផ្សារមួយដែលលេចធ្លោជាងទីផ្សារផ្សេងទៀតគឺប្រទេសជប៉ុន ដោយប្រទេសនេះ មានអត្រាការប្រាក់ទាបនិងរូបិយប័ណ្ណចុះថោក៕
