អ្នកជំនាញបង្ហើបពីមូលហេតុ និងរបៀបធ្វើឱ្យដីធ្លីឡើងថ្លៃនៅក្នុងទីផ្សារ

0

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ការវិនិយោគដីធ្លី នៅតែជាការវិនិយោគមួយដ៏ល្អ និងមានឱកាសចំណេញខ្ពស់ ប៉ុន្តែតើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យដីឡើងថ្លៃ និងមូលហេតុរបស់វា ពិតជាសំខាន់ណាស់ ដែលសាធារណៈជនអាចសិក្សាស្វែងយល់បន្ថែម។

អគ្គនាយក Brainland Real Estate លោកសោម លីហ៊ានដែលបានធ្វើការសិក្សាលំអិតពីទីផ្សារដីធ្លី មូលហេតុ និងវិធីធ្វើឲ្យដីឡើងថ្លៃបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១០ វិច្ឆិកានេះថា ប្រធានបទនេះមានសារៈសំខាន់មែនខ្លាំង សម្រាប់ប្រជាពលរដ្ឋកម្ពុជាយើង ដីឡើងថ្លៃ តាមប្រ​ធា​នបទនេះ ខ្ញុំបាទចង់រំលេចនូវគោលបំណងធំៗ២ ទី១ ចង់បង្ហាញអំពីហេតុផលដែលធ្វើឱ្យ​ដីឡើង​ថ្លៃ និងទី២ ខ្ញុំចង់ឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នារួមចំណែក និងអាចក្លាយជាចំណែកដែលធ្វើឱ្យ​ដីនៅតែ​បន្ដ​ឡើង​ថ្លៃ​ដដែល

លោកបានបន្តថា យើងសូមបែងចែកហេតុផលចំនួន៥ធំៗ ដែលអាចធ្វើឱ្យដីធ្លី ឬផ្នែកដទៃទៀតនៃអចលនទ្រព្យ​ នៅ​ក្នុង​ស្រុក​ខ្មែរយើងឡើងថ្លៃ ហើយនៅតែបន្ដឡើងថ្លៃទៅមុខទៀត រួមមានដូចជា….

ចំណុចទី១ សុខសន្តិភាព

នៅនិយាយពីសុខសន្តិភាព យើងនឹកឃើញទៅដល់គោលនយោបាយដ៏រ៉ឹងមាំរបស់​រដ្ឋាភិបា​ល ដែលចង់បង្កើតសហគមន៍ សង្គមមួយដែលគ្មានជំលោះ គ្មានទំនាស់ក្នុងគ្រួសារ គ្មានទំនាស់ក្នុងសហគមន៍ គ្មានសង្គ្រាមស៊ីវិលក្នុងប្រទេស គ្មានសង្គ្រាមក្នុង​តំបន់ គ្មានសង្គ្រាមពិភពលោក។ កត្តាទាំងនេះហើយ វាចាប់ផ្ដើមចេញពីយើងប្រជាពលរដ្ឋទាំងអស់គ្នា។ យើងចាប់ផ្ដើមលុប​បំបាត់​បណ្ដើរៗ ហើយនៅតែរក្សាសន្តិភាពឱ្យនៅមានជារៀងរហូត។ ចំណែកតម្លៃដីធ្លីវានៅតែបន្តឡើងថ្លៃ។ នេះជាចំណុចទី១សំខាន់។

ចំណុចទី២ ការអភិវឌ្ឍ

វាជាចំណុចមួយសំខាន់ផងដែរ ដូចជា ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល គោលនយោបាយ​អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងមូលដ្ឋានច្បាប់ បទដ្ឋានគិតយុត្តិសព្វបែបយ៉ាង ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍរបស់វិនិយោគគិនខ្មែរយើង និងអ្នកវិនិយោគ​មក​ពី​បរទេសមកអភិវឌ្ឍន៍ ក្នុងប្រទេសខ្មែរយើងទាំងមូល។

ជាក់ស្ដែង ដូចជា អ្នកធុរកិច្ចចិន កូរ៉េខាងត្បូង សិង្ហបុរី ហុងកុង វៀតណាម ថៃ ជប៉ុន ម៉ាឡេស៊ី ចិនតៃវ៉ាន់ បារាំង ឥណ្ឌា-ល។ ដែលអ្នកវិនិយោគមកពីប្រទេសទាំងអស់នេះ បាននិងកំពុងចូលមករកស៊ី​នៅស្រុកខ្មែរយើងច្រើន មិនថាតែវិស័យអចលនទ្រព្យ ឧស្សាហកម្ម បច្ចេកវិទ្យា ធនាគារ និងវិស័យជាច្រើន​ទៀត​។ ចំពោះវិនិយោគគិន នៅក្នុងស្រុកខ្មែរយើងវិញ គាត់បានសាងសង់បុរី ខុនដូ អាផាតម៉ិន ពុះដីឡូតិ៍​លក់ សាងសង់បុរី សាងសង់រោងចក្រជាដើម។

ពួក​គាត់​បាន​ចូលរួមចំណែកអភិវឌ្ឍន៍ ដូចជា ផ្នែកទី១ គឺហេដ្ឋារចនាសម្ព័ន្ធ “នេះជាសរសៃឈាម ជាបណ្ដាញ​សំខាន់​ ចំពោះ​វិស័យ​អចលនទ្រព្យ” មានផ្លូវ ទឹក លូ ជារួមមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនដែលតភ្ជាប់​គ្នាពីភូមិ​មួយទៅភូមិមួយ ពីស្រុកមួយទៅ ស្រុកមួយ ពីខេត្តមួយទៅខេត្ត ពីរាជធានីទៅបណ្ដាទាំង២៥រាជធានី ខេត្ត ហើយការ​អភិវឌ្ឍផ្លូវទាំងនោះ ជាពិសេសមានផ្លូវល្បឿនលឿនផ្សេងៗ ដែល​រាជរដ្ឋាភិបាលសហការ​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុកក្ដី ក្រៅស្រុកក្ដី គឺរដ្ឋាភិបាលធ្វើបានច្រើនទាក់ទង​ទៅហេដ្ឋារចនា​សម្ព័ន្ធ​នេះ។ ក្រៅពីនេះយើង​មាន​គម្រោង​ផ្លូវដែក ផ្លូវអាកាស ផ្លូវរដ្ឋភ្លើងល្បឿនលឿន មានគម្រោងជាច្រើន ដែលជា​កត្តា​ធ្វើឱ្យ​តម្លៃអចលន​ទ្រព្យបន្ដ​ឡើងថ្លៃផងដែរ។

ទាក់ទងនឹងការពង្រីកផ្លូវអាកាស រដ្ឋាភិបាលបានវិនិយោគព្រលាន​យន្តហោះថ្មីបន្ថែមទៀត ​ជាមួយ​នឹង​ព្រលានយន្ដហោះខ្នាតជាតិ ខ្នាតអន្ដរជាតិធំៗ ​ដែលជាកត្តាជំរុញឱ្យអ្នកវិនិយោគក្រៅស្រុកមកស្រុកខ្មែរ ​ងាយស្រួលក្នុង​ការធ្វើដំណើរ​ប្រើ​រយៈ​ពេលខ្លី។

កត្តាទាំង​អស់នេះហើយ ដែលធ្វើឱ្យដីធ្លីបន្ដឡើងថ្លៃខ្ពស់ និងខ្ពស់​បន្ថែម​ទៀតនាពេលអនាគត។

ផ្នែកទី២ គឺសេវាសាធារណៈ ដូចជា ផ្សារទំនើប ផ្សារសហគមន៍ សាលារៀន មន្ទីរពេទ្យ កន្លែងធ្វើការ ក្រុមហ៊ុន សហគ្រាស រោងចក្រ ការសាងសង់បុរី ខុនដូ ផ្ទះល្វែង ក្រសួង មន្ទីរស្ថាប័នរដ្ឋ-ឯកជន អង្គការក្នុង និងក្រៅរដ្ឋាភិបាល តំបន់ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម ហាងរកស៊ីជាច្រើនដែលជាកត្តាជំរុញធ្វើឱ្យដីធ្លីឡើងថ្លៃ។

ចំណុចទី៣ កំណើនប្រជាជន និងតម្រូវការ

យោងតាមរបាយការណ៍វិទ្យាស្ថានជាតិស្ថិតិបានបង្ហាញថា កំណើនប្រជាជនខ្មែរ​យើងបានកើនឡើងរហូត ជាក់ស្ដែងក្នុង​ឆ្នាំ​១៩៦២ មកមានជាង៥លាននាក់ ក្នុងឆ្នាំ១៩៩៤ មាន៩លាននាក់ ក្នុងឆ្នាំ១៩៩៦ មានជាង១០លាននាក់ ក្នុង​ឆ្នាំ​១៩៩៨ មាន១១លាននាក់ ឆ្នាំ២០០៨ មាន១៣លាននាក់ ឆ្នាំ២០១៣ មាន១៤លាននាក់ ឆ្នាំ២០១៦ មាន១៥លាននាក់ ឆ្នាំ២០១៩ ជិត១៦លាននាក់។ ទាំងនេះជាតួលេខដែលបានពីវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។

កំនើនប្រជាសាស្រ្តនេះ នឹងមានច្រើនជាងនេះទៀត តែនេះជា​សោកនាកម្មនៃនយោបាយ ដែលបំផ្លាញសន្តិភាព ធ្វើឱ្យកំណើតប្រជាជនធ្លាក់ចុះដែលនេះជាបទពិសោធន៍ ដែលយើងគួរការពារទាំងអស់គ្នាកុំឱ្យកើតឡើងទៀត(របបប៉ុល ពត)។

កំណើនប្រជាជនចេះតែច្រើនទៅៗ ដូចជា នៅរាជធានីភ្នំពេញ ដែលទំហំផ្ទៃដីបច្ចុប្បន្ន បាន​រីករហូតដល់ជាង៧០០គីឡូម៉ែត្រការ៉េ។ នេះជាទំហំផ្ទៃដីរដ្ឋបាល របស់សាលារាជធានីភ្នំពេញ ខណៈពេល​ប្រជាជនសរុបតាមរបាយការណ៍ជំរឿនឆ្នាំ២០១៩ មានដល់ទៅ១,៩លាននាក់ ជាតួលេខផ្លូវការ ដោយយើង​មិន​ទាន់រាប់បញ្ចូលសិស្សនិស្សិត អ្នកធ្វើការដែលគាត់មកបម្រើការងារ រកស៊ីពីតាមខេត្តមកភ្នំពេញបន្ថែមទេ។

អ្នកជំនាញខ្លះគាត់ថា បើបញ្ចូលគ្នាប្រជាជននៅរាជធានីភ្នំពេញទាំងអស់ គឺមានដល់ជិត៣លាននាក់ ដែលនេះជាកំណើនខ្ពស់ ធ្វើឲ្យកំណើន តម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការហូបចុក ស្នាក់នៅ ការរកស៊ីធ្វើការ និងត្រូវការផ្ទៃដីសម្រាប់សាងសង់ផ្ទះ សម្រាប់រកស៊ី ​សម្រាប់ផលិតកសិកម្ម ស្បៀងអាហារ រោងចក្រផ្សេងៗ។

ចំណុចទី៤ កម្ពុជាគ្មានគ្រោះធម្មជាតិ និងជំងឺរាតត្បាតផ្សេងៗ

ចំណុចនេះ ក៏ជាចំណុចសម្លាប់រស់ផងដែរ សម្រាប់​ប្រទេស​កម្ពុជា​យើងទាំងមូល ប៉ុន្តែវាជាសំណាងធំមួយសម្រាប់ខ្មែរយើង ដោយយើងមិនដែលមានគ្រោះរញ្ជួយដី គ្មានភ្នំភ្លើង​ផ្ទុះ ​ធ្វើឱ្យ​មានគ្រោះថ្នាក់មហន្ដរាយ ដល់ប្រជាជនយើង គ្មានរលកយក្សស៊ូណាមិនៅសមុទ្រផ្សេងៗ ដែលមិនបង្កផលប៉ះពាល់ខ្លាំងទេ។

លោកសោម លីហ៊ានបានបន្តថា “ចំណុចទាំងនេះនេះហើយ ដែល​ខ្ញុំគិតថាវាជាសំណាង​ធម្មជាតិមួយ គឺដូចទេវតា​ប្រទាន​ឱ្យប្រជាពលរដ្ឋ​កម្ពុជាយើង មិនដែលជួបទុក្ខភ័យធ្ងន់ធ្ងរ”។ លោកបន្តថា “មួយទៀតជំងឺរាតត្បាតផ្សេងៗសុទ្ធជាកត្តាសំខាន់ ជាក់​ស្ដែង​ដូចជំងឺកូវីដ-១៩ រាំងស្ទះគ្រប់វិស័យមិនត្រឹមតែវិស័យអចលនទ្រព្យមិនឡើងថ្លៃទេ វិស័យអ្វីក៏ប៉ះពាល់ផងដែរ”។

ក្រសួង​សុខាភិបាលបានចេញវិធានការណ៍ ទប់​ស្កាត់ ការការពារ ការដោះស្រាយជំងឺផ្សេងៗជាច្រើន ហើយយើងក៏បានចូលរួមការពារទាំងអស់គ្នា ដោយទទួលបានលទ្ធផលល្អដែរ។ ចំណុចនេះ ខ្ញុំគិតថាវាជា​មោទនភាព​មួយ​ដែរ ជាក់ស្ដែងដូចជា ជំងឺកូវីដ-១៩ យើងបានអនុវត្តន៍យុទ្ឋសាស្រ្ត បីកុំ បីការពារ និងចាក់វ៉ាក់សាំង ដើម្បីទប់ទល់ស្ថានភាពបានល្អប្រសើរ។

ចំណុចទី៥ តម្លៃធៀប

ចំណុចនេះជាចំណុចស្នូលមួយ ដែល​អាចធ្វើឱ្យដីធ្លី​របស់យើងនៅ​តែ​បន្ដ​ឡើងថ្លៃ។ បើនិយាយឱ្យស្រួលយល់ ខ្ញុំសុំធ្វើការប្រៀបធៀបតម្លៃដី នៅក្នុងប្រទេសកម្ពុជាយើង គឺនៅទីក្រុង​ភ្នំពេញ ​ជា​មួយនឹងតម្លៃដីនៅប្រទេសថៃ ក្នុងទីក្រុងបាងកកដូចគ្នា។

នៅភ្នំពេញតម្លៃដីបានលោតថ្លៃខ្ពស់បំផុត គឺចាប់ពី​១០,០០០ដុល្លា​រ​ក្នុងមួយម៉េត្រការ៉េ។ នេះតួលេខដែលក្រុមហ៊ុនធ្លាប់លក់បាន នៅក្នុងតំបន់ដែល​មានជន​បរទេស​ច្រើន នៅក្នុងខណ្ឌ៧មករា ឬខណ្ឌបឹងកេងកង។ បើយើងធៀបទៅទីក្រុងបាងកក នៅប្រទេសថៃវិញ តាម​របាយការណ៍ក្រុមហ៊ុន ​CBRE Thailand ចុះផ្សាយដោយព័ត៌មានThe Nation តម្លៃដីនៅឧទ្យា​នលំភិនី និងសង្កាត់សុខុមវិត ជាទីតាំងដែល​មានតម្លៃខ្ពស់ជាងគេ នៅទីក្រុងបាងកក។ តម្លៃដីនៅតំបន់នោះ បានកើនឡើងដល់ជាង៣០,០០០ដុល្លារ​ ក្នុងមួយ​ម៉ែត្រការ៉េ ហើយ​ក្នុងតំបន់សុខុមវិត តម្លៃជាង២០,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ដូចនេះយើងអាចលើកជាសំណួរថា ​តើតម្លៃនៅស្រុកខ្មែរ នៅតែបន្តឡើងថ្លៃឬទេ សម្រាប់ខ្ញុំគិតថា “នៅតែឡើង” នៅពេលដែលនយោបាយសន្តិភាព និងផែន​ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញនិងលើកទឹកចិត្តដល់វិនិយោគគិនក្នុងស្រុក និងបរទេស។

បើគិតជារួមវិញ ការប្រៀបធៀប​តម្លៃ​ធៀបដីនៅស្រុកខ្មែរយើង គឺនៅមានកម្រិតទាបនៅឡើយ ​បើធៀបទៅនឹងប្រទេសជិតខាង។ នេះខ្ញុំប្រៀបធៀបត្រឹមប្រទេស​ថៃ ​ដែលមានភូមិផងរបងជាមួយគ្នាទេ។ យើងមិន​ទាន់គិតដល់ប្រទេសដទៃផង។

ចំណុចទាំងអស់នេះ ជាឱកាសមួយសម្រាប់​ប្រទេស​ខ្មែរ​យើង នៅពេលយើងចូលរួមអភិវឌ្ឍន៍ ចូលរួមគោរព​ច្បាប់ទាំងអស់គ្នា តម្លៃដីវានឹងកើនឡើងដូចគ្នា។

       ជាសំណូមពរដើម្បីឱ្យយើងទាំងអស់គ្នា ក្លាយជាចំណែកធ្វើឱ្យដីឡើងថ្លៃដដែល៖

  • សូមឱ្យខ្លួនយើងក្លាយជាប្រភពនៃសន្តិភាព ចូលរួមកាត់បន្ថយ ឬលុបបំបាត់ចោលទាំងស្រុង នូវជម្លោះ ទំនាស់ផ្លូវចិត្តរបស់យើង ជម្លោះទំនាស់ក្នុងគ្រួសារ សហគមន៍ ក្នុងប្រទេសទាំងមូល ចេះអធ្យាស្រ័យគ្នា​ ចេះចចារគ្នា ប្រកបដោយភាព ឈ្នះ ឈ្នះទាំងអស់គ្នា កុំកេងប្រវ័ញ្ច កិបកេង ឈ្លានពាន ​ព្រំប្រទល់របស់អ្នកជិត​ខាង ក៏​ដូចជាចូលរួមគោរពច្បាប់របស់រាជរដ្ឋាភិបាល។
  • ជួយផ្សព្វផ្សាយរឿងល្អៗ នៅក្នុងស្រុកខ្មែរយើងឱ្យបានច្រើន កុំឱ្យគេស្គាល់តាមរយៈរបបប៉ុល ពត តាមរយៈ​ទំនាស់​ដីធ្លី ដែលវាប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសយើង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here