សារព៌តមានល្បីៗជាច្រើនរំលេចកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ផែនទីកម្ពុជា ត្រូវបានបង្ហាញទៅកាន់ពិភពលោកជាថ្មី

ពិសេ​សបណ្តាញសារព៌តមាននានា បានចាប់យកមុំរឿងរបស់ពួកគេ ពីកុច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះលើកទី៣នាពេលនេះ។

អ្វីដែលគេចាប់អារម្មណ៍ខ្លាំាំងជាងគេនោះ គឺវត្តមានរបស់លោកចូ បៃដិន​ប្រធានាធិបតីអាមេរិក ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលដ៏មានអត្ថន័យនេះ។

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២  ដោយមានប្រមុខរដ្ឋ និងប្រមុខការទូតនៃប្រទេសក្នុងតំបន់ និងពិភពលោក បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនេះ ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ និង​​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ ​លើ​បញ្ហា​ប្រឈម​ក្នុង​តំបន់​និង​សកលោក។

សារព័ត៌មានធំៗនៅលើពិភពលោក បានចុះផ្សាយព្រោងព្រាតពីការរៀបចំកិច្ចប្រជុំ និងការរំពឹងទុកនានា ព្រមទាំងចំណាប់អារម្មណ៍ផ្សេងៗពីគ្នា ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ។

កាសែត Global Times បានចុះផ្សាយពីកិច្ចប្រជុំនេះថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីជំរុញការអភិវឌ្ឍដ៏រឹងមាំ នៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ចំណែកសារព័ត៌មានបាងកកប៉ុស្តិ៍បានចុះផ្សាយ ដោយដាក់ចំណងជើងថា ប្រទេស​អាស៊ី​អាគ្នេយ៍ មានភាពវិបត្តិរវាងទំនាក់ទំនងជាមួយ​រុស្ស៊ី​ ខណៈ​កិច្ចប្រជុំ​កំពូល​បានមកដល់។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ សម្លឹងមើលទៅរក្សាទំនាក់ទំនងជាមួយរុស្ស៊ី ខណៈកិច្ចប្រជុំកំពូលពិភពលោកចំនួនបីបានមកដល់ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដាក់ទីក្រុងមូស្គូឱ្យនៅដាច់ដោយឡែកពីគេ ដោយសារការឈ្លានពានអ៊ុយក្រែនក៏ដោយ។

ចំណែកសារព័ត៌មានស៊ិនហួររបស់ចិន បានចុះផ្សាយថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់តំបន់អាស៊ាន ទទួលបានអត្ថប្រយោជន៍ ពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ BRIរបស់ចិន។ គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)របស់ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសអាស៊ា នពង្រីកផ្លូវអភិវឌ្ឍន៍ និងធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេរីកចម្រើន។

ចំណែកសារព័ត៌មានVOA  បានចុះផ្សាយពីកិច្ចប្រជុំអាស៊ានថា លោក Biden នឹងជួបជាមួយមេដឹកនាំនៃប្រទេសអេហ្ស៊ីប កម្ពុជា និងឥណ្ឌូនេស៊ី ។មន្ត្រីរដ្ឋបាលជាន់ខ្ពស់បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោ​ក Joe Biden នឹងជួបជាមួយមេដឹកនាំនៃប្រទេសអេហ្ស៊ីប កម្ពុជា និងឥណ្ឌូនេស៊ី ក្នុងដំណើរទស្សនៈកិច្ចដ៏ទូលំទូលាយ ដែលរួមមានកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុអន្តរជាតិ និងកិច្ចប្រជុំអាស៊ាន និងក្រុមប្រទេសឧស្សាហកម្មចំនួន ២០។

សារព័ត៌មានដដែលក៏បានចុះផ្សាយផងដែរថា អ៊ុយក្រែនកំពុងជំរុញទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសអាស៊ីអាគ្នេយ៍ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទំនាក់ទំនងការបរទេសដ៏សំខាន់មួយ ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅចុងសប្តាហ៍នេះ។

រីឯសារព័ត៌មានChannel News Asia របស់សិង្ហបុរី បានសរសេរចំណងជើងដ៏គួរឱ្យទាក់ទាញមួយ ដោយហៅកម្ពុជាថា “ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ចិន” និងបានលើកគឡើងថា នាយករដ្ឋមន្ត្រីចិន ប្រកាសផ្តល់ជំនួយថ្មី សម្រាប់សម្ព័ន្ធមិត្តជិតស្និទ្ធកម្ពុជា។

សារព័ត៌មានជាច្រើនផ្សេងទៀត ក៏កំពុងតាមដានព្រឹត្តិការណ៍ និងលទ្ធផលកិច្ចប្រជុំអាស៊ាន ជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here