ដោយៈ សុខុម
បាងកក: ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចថៃ ដែលជំរុញដោយចំនួនភ្ញៀវទេសចរបរទេស បានជំរុញឱ្យការបើកលក់ គម្រោងអចលនទ្រព្យបែបPre-saleកើនឡើង។
កំណើននេះ បានធ្វើឲ្យប្រាក់ចំណូលរបស់បណ្ដា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា។
-->
លោក Uthai Uthaisangsuk ប្រធានប្រតិបត្តិ (COO) នៃក្រុមហ៊ុន Sansiri Plc ដែលជាក្រុមហ៊ុនអភវឌ្ឍន៍ អចលនទ្រព្យធំបំផុតមួយនៅប្រទេសថៃបានលើកឡើងថា ក្រុមហ៊ុនរបស់លោក បានបង្កើនគោលដៅលក់Pre-sale របស់ខ្លួនសម្រាប់ឆ្នាំ២០២២ ឲ្យដល់ទំហំទឹកប្រាក់៤៧ពាន់លានបាត (១,៣០ពាន់លានដុល្លារអាមេរិក)។
គោលដៅលក់ Pre-sale មុននេះគឺមានទំហំទឹកប្រាក់៣៥ពាន់លានបាត (៩៧០លានដុល្លារអាមេរិក) ប៉ុន្តែការលក់Pre-sale សម្រាប់រយៈពេល៩ខែដើមឆ្នាំនេះ បានកើនឡើងដល់៣៧ពាន់លានបាត (១,០២ពាន់លានដុល្លារអាមេរិក) រួចទៅហើយ។
ប្រាក់ចំណូលពីការលក់ Pre-sale ក្នុងរយៈពេល៩ខែដើមឆ្នាំរបស់ក្រុមហ៊ុន Sansiri Plc គឺខ្ពស់ជាងប្រាក់ចំណូល ពេញមួយឆ្នាំរបស់ខ្លួនក្នុងឆ្នាំ២០២១ ទៅទៀតដែលមានចំនួន៣៣,៥ពាន់លានបាត (៩៣៣លានដុល្លារអាមេរិក)។

លោក Uthai Uthaisangsukបានលើកឡើងថា កត្តាជំរុញដ៏សំខាន់ សម្រាប់កំណើន៦០% ក្នុងរយៈពេល៩ខែមកនេះ គឺដោយសារទទួលបានប្រាក់ចំណូល២៧ពាន់លានបាត (៧៥២លានដុល្លាអាមេរិក) ពីការលក់ផ្ទះកម្ពស់ទាប ដែលកើនឡើង១១០%។
លោក Thongchai Busrapan សហនាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Noble Development Plc ឱ្យដឹងថា ការស្ទុះងើបឡើងវិញបន្តិចម្តងៗ នៃសេដ្ឋកិច្ចបានធ្វើឱ្យទីផ្សារអចលនទ្រព្យ មានភាពប្រសើរឡើង ក្នុងត្រីមាសទី៣ ដោយការលក់ Pre-sale របស់ក្រុមហ៊ុននេះកើនឡើង១០០% ខណៈប្រាក់ចំណូលកើនឡើង១៥០%។
ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ក្រុមហ៊ុនNoble Development Plc លក់ Pre-sale បាន១៤,៨ពាន់លានបាត (៤១១លានដុល្លារអាមេរិក) ដោយកើនឡើង១៣៦%។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ AP Thailand Plc អះអាងថា ខ្លួនលក់Pre-sale បានចំនួន៤៥,៤ពាន់លានបាត (ជាង១,២៦បាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ដែលស្មើនឹង៩០% នៃគោលដៅចំណូល៥០ពាន់លានបាត (១,៤ពាន់លានដុល្លារអាមេរិក) ដោយកើនឡើង៤៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន AP Thailand Plc ក្នុងរយៈពេល៩ខែដើមឆ្នាំនេះបានកើនឡើង២៤% ឈានដល់ទំហំទឹកប្រាក់៣៧,៥ពាន់លានបាត (១,០៤ពាន់លានដុល្លារអាមេរិក)។ ក្រុមហ៊ុននេះ កំពុងកំណត់គោលដៅ ប្រាក់ចំណូលឱ្យបាន៤៧ពាន់លានបាត (១,៣១ពាន់លានដុល្លារអាមេរិក) ត្រឹមដំណាច់ឆ្នាំ។
ទន្ទឹមនេះដែរ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Supalai Plc ក៏ទទួលបានកំណើនប្រាក់ចំណូលខ្ពស់បំផុ តមិនធ្លាប់មានផងដែរ ដោយទទួលបានចំនួន១១,៤ពាន់លានបាត (៣១៧លានដុល្លារអាមេរិក) សម្រាប់ត្រីមាសទី៣ ចុងឆ្នាំ២០២២ ដែលជាកំណើនខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីក្រុមហ៊ុននេះបង្កើតឡើងក្នុងឆ្នាំ១៩៨៩ មក។
សម្រាប់រយៈពេល៩ខែដើមឆ្នាំនេះ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលសរុបចំនួន២៥,៥ពាន់លានបាត (៧១០លានដុល្លារអាមេរិក) ដោយកើនឡើង៣៧%៕ Bangkok Post៕
