ដោយៈ គង់ សូរិយា
ភ្នំពេញៈ ខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឆ្លងកាត់ផ្លូវជាតិលេខ៥ នឹងបញ្ចប់ការសាងសង់ក្នុងពេលដំណាលគ្នា នៅដើមត្រីមាសទី២ឆ្នាំ២០២៣ខាងមុខនេះ។
ការសាងសង់សរសរមេរបស់ស្ពានឆ្លងកាត់ទន្លេរសាប ជាច្រើនបាន និងកំពុងត្រៀមបញ្ចប់ការសាងសង់ហើយ នៅឡើយតែការតុបតែងលំអរ ដើម្បីបញ្ចប់តាមផែនការរបស់ខ្លួន ខណៈការសាងសង់ស្ពានអាកាសឆ្លងកាត់ផ្លូវជាតិលេខ៥ សម្រេចបានវឌ្ឍនៈភាព៥៨ភាគរយផងដែរ។
-->

គំរោងស្ពានយោងដោយខ្សែកាបនេះ មិនត្រឹមតែដើរតួនាទីសម្រួលការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមចំណែកលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញនាពេលរាត្រីផងដែរ។
លោកនីស៊ីហារ៉ា វីរ៉ាស៊នប្រធានគ្រប់គ្រងគំរោងស្ពានយោងដោយខ្សែកាប នៃក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១០ វិច្ឆិកាកន្លងមកថា ការសាងសង់របស់យើង សំរេចបាន៧៦ភាគរយហើយ ដោយបច្ចុប្បន្នខ្សែកាបទាំងអស់ ដែលនៅតាមបង្គោលនិមួយៗយើងបានទាញរួចជាស្ថាពរហើយ។
លោកបន្តថា ចំណែកធ្នឹមបេតុង នៅសល់តែប្រឡោះកណ្តាល នៃSpanនិមួយៗ ដែលគំរោងទាំងមូលនឹងគ្រោងបញ្ចប់ នៅខែមេសាឆ្នាំ២០២៣។
បើតាមលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ការសាងសង់ស្ពានយោងដោយខ្សែកាបនេះ ប្រើប្រាស់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបានពីការជួលដីទីក្រុងរណបជ្រោយចង្វារ ដល់ក្រុមហ៊ុនOCIC។ លោកបន្តថា គម្រោងស្ពាននេះ មិនត្រឹមតែជួយរំដោះចរាចរណ៍នោះទេ តែវានឹងជួយលើកកំពស់សោភ័ណភាព និងទាក់ទាញការវិនិយោគ នៅតំបន់ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតផងដែរ។
លោកបន្តថា “ស្ពាននេះមានទទឹងធំ និងមានគន្លងរថយន្តច្រើនដោយមានខ្សែកាបនៅកណ្តាលស្ពានឆ្លងកាត់ទន្លេសាប ដែលមានប្រវែងប្រមាណ៥០០ម៉ែត្រនេះ”៕
