ដោយ:លាងហួរ
ភ្នំពេញ:ប្រធានាធិបតីទី១៣នៃសាធារណរដ្ឋកូរ៉េ លោក Yoon Suk-yeol បានបញ្ជាក់ពីការបន្តគាំទ្រសម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅស្វាយជ្រំ ហើយលោកសង្ឃឹមថាគម្រោងនេះត្រូវបានអនុវត្តដោយរលូន។
ការបញ្ជាក់នេះបានដោះស្រាយបញ្ហាស្មុគស្មាញទាក់ទងនឹងគម្រោងសាងសង់ដែលត្រូវបានលើកឡើងក្នុងសម័យរដ្ឋបាលចាស់របស់អតីតប្រធានាធិបតី លោកMoon Jae-in។

-->
លោកប្រធានាធិបតី Yoon Suk-yeol បានថ្លែងបញ្ជាក់ប្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធថា លោកបានគាំទ្រដល់ការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការពីសាធារណរដ្ឋកូរ៉េដល់កម្ពុជា ហើយលោកសង្ឃឹមថា គម្រោងស្ពានមិត្តភាពនេះនឹងត្រូវបានអនុវត្តយ៉ាងរលូន ព្រមទាំងក្លាយជាគម្រោងសហប្រតិបត្តិការធំបំផុតរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះជំនួយអភិវឌ្ឍន៍របស់ប្រទេសកូរ៉េដល់កម្ពុជា ដោយលោកបានមានប្រសាសន៍ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជានិមិត្តសញ្ញាថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។
គម្រោងសាងសង់ស្ពាននេះត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើទៅកាន់សាធារណរដ្ឋកូរ៉េ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Moon Jae-in នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២០។
ស្ពាននេះត្រូវបានរំពឹងថានឹងជួយសម្រួលចរាចរណ៍ និងជំរុញសេដ្ឋកិច្ចផងដែរ។ គម្រោងនេះត្រូវបានបញ្ជាក់ដោយឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជាលោក Park Heung-Kyoeng ហើយត្រូវបានបញ្ជាក់ជាផ្លូវការចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងខែមករា ឆ្នាំ២០២២៕
