អ្នកជំនាញលើកឡើងពីសក្តានុពលកម្ពុជាដើម្បីទាក់ទាញលំហូរFDI លើវិស័យអចលនទ្រព្យ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញលើកឡើងថា ការបន្តផ្តល់ទំនុកចិត្ត មកលើអចលនទ្រព្យកម្ពុជានេះ មិនមែនជាភាពចៃដន្យនោះទេ ប៉ុន្តែដោយសារតែកម្ពុជាមានយន្តការពិសេសៗ មួយចំនួនខុសពីប្រទេសផ្សេងៗទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា វិស័យអចលនទ្រព្យនៅតែបន្តភាពរឹងមាំ តាមរយៈយន្តការផ្សេងគ្នា នៃចូលមកវិនិយោគរបស់ជនជាតិបរទេស ដោយសារទំនាក់ទំនងល្អ រវាងបណ្តាប្រទេសជាដៃគូ។ ជាក់ស្តែង វិនិយោគិនចិនបានចូលមកកាន់កម្ពុជា ហើយបន្តចូលទៅវិនិយោគនៅក្នុងក្រុងព្រះសីហនុ។ ជនជាតិជប៉ុន និងអឺរ៉ុប ក៏បានវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបន្តទៀតថា “ការដឹកនាំ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា  ក្នុងការអនុវត្តការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋកម្ពុជា បានអនុញ្ញាតឱ្យកម្ពុជា អាចបន្តខឿនសេដ្ឋកិច្ចរបស់ខ្លួនបានរលូន”។លោកបន្ថែមថា “ធៀបនឹងកំណើនតម្លៃ វិស័យអចលនទ្រព្យនៅកម្ពុជា មានភាពល្អប្រសើរជាងបណ្តាប្រទេសផ្សេងៗទៀត ដោយសារប្រទេសផ្សេង តម្លៃអចលនទ្រព្យ បានកើនឡើងសល់កម្រិតមួយហើយ ខណៈប្រទេសកម្ពុជា ជាការអភិវឌ្ឍក្មេងខ្ចី នោះឱកាសនៃការរីកចម្រើន និងតម្លៃដីធ្លីនៅមានកម្រិតខ្ពស់”។

ជាមួយគ្នានេះ លោកសន សៀប ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទោះជាប្រទេសកម្ពុជាក៏ទទួលផលប៉ះពាល់ ពីវិបត្តិសេដ្ឋកិច្ចទាំងនេះផងដែរ ប៉ុន្តែស្ថិតនៅក្នុងកម្រិតតិចតួចជាងប្រទេសផ្សេងៗ។

អ្នកជំនាញរូបនេះលើកឡើងថា “ការទទួលបានជោគជ័យលើការគ្រប់គ្រង់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គោលនយោបាយចាក់វ៉ាក់សាំង និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗ នៅតាមប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់​រដ្ឋាភិបាលពិតជាធ្វើបានល្អពីរដ្ឋាភិបាល”។ លោកបន្ថែមថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ នៅតំបន់សក្តានុពលសំខាន់ៗ ដែលចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាគោលការណ៍ដែលផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ ឱ្យបន្តធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា”។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ទីផ្សារកម្ពុជាជាទីផ្សារថ្មី និងផ្តល់ផលចំណេញខ្ពស់ពីការវិនិយោគ ធៀបនឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ បានហុចផលច្រើនដល់កម្ពុជា ហើយកម្ពុជានឹងនៅបន្តទាក់ទាញ ការវិនិយោគច្រើនបន្ថែមទៀតនាពេលអនាគត។

អ្នកស្រីបន្តថា “ភាពសុទិដ្ឋិនិយមនៅតែមានសម្រាប់ក្រសែភ្នែកអ្នកវិនិយោគបរទេស ដែលសម្លឹងមកកាន់កម្ពុជា ដោយសារឱកាសនៃសន្តិភាព កំណើនសេដ្ឋកិច្ច និងអំណាចនៃការទិញ របស់ប្រជាជនវ័យក្មេងមានចំនួនធំនៅឡើយក្នុងទីផ្សារ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here