វត្តមានមេដឹកនាំអាស៊ាននិងពិភពលោកនៅកម្ពុជាបង្កើនទំនុកចិត្ត ដល់វិនិយោគិនបរទេស

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ភាពជោគជ័យនៃប្រធានអាស៊ានឆ្នាំ២០២២ គឺត្រូវបានចរិកទុកក្នុងចិត្តមេដឹកនាំនានា ដែលបានមកចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤០ និងលើកទី៤១។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់មានវត្តមានមេដឹកនាំ អាស៊ាននិងពិភពលោកជាច្រើន អញ្ជើញចូលរួមក្នុងនោះក៏មានមេដឹកនាំប្រទេសមហាអំណាច ដូចជាប្រ ធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃឌិន ប្រធានាធិបតីកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីចិន និងមេដឹកនាំប្រទេសអ្នកមានជាច្រើនទៀតផងដែរ។

វត្តមានមេដឹកនាំអាស៊ាន និងពិភពលោកទាំងនេះ នឹងផ្ដល់នូវទំនុកចិត្តដល់វិនិយោគិនបរទេស ក្នុងការចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ នៅកម្ពុជាបានបង្ហាញពីសុទិដ្ឋិនិ​យមខ្ពស់ ចំពោះការងើបឡើងវិញនៃរំហូរវិនិយោគផ្ទាល់ពីបរទេស ក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយសង្ឃឹមថាកិត្យានុភាពរបស់កម្ពុជា នឹងល្បីខ្ទរខ្ទារបន្ថែមទៀតបន្ទាប់កម្ពុជាទទួ​លបដិសណ្ឋារកិច្ចចំពោះភ្ញៀវមេដឹកនាំពិភពលោក ។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ គឺពិតជានឹងផ្ដល់ប្រយោជន៍យ៉ាងធំធេងដល់កម្ពុជា ធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើននិងកាន់តែច្បាស់ ហើយបើសិនជាកម្ពុជាមិនមានសន្តិភាព មិនមានការអភិវឌ្ឍម្ល៉េះ មេដឹកនាំកំពូលៗពិភពលោកនឹងមិនមកកម្ពុជានោះទេ ។

លោកបន្តថា “ក្រោយកិច្ចប្រជុំនេះទៅ ខ្ញុំមានជំនឿជាក់ថាកម្ពុជានឹងទទួលបានវិនិយោគិនអន្តរជាតិ ចូលមកបណ្ដាក់ទុនវិនិយោគឡើងវិញ”។លោកបន្ថែមថា “ទីផ្សារអចលនទ្រព្យ ក៏នឹងមានតម្រូវការឡើងវិញ ដូចមុនស្ថានភាពកូវីដ១៩ ក្នុងនោះទីផ្សារខុនដូទាំងការលក់ និងការជួលក៏រំពឹងថានឹងមានកំណើនបន្ថែមទៀតផងដែរ”។

អ្នកស្រីអាន សុធីតា នាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia ក៏បានឱ្យដឹងផងដែរថា បទពិសោធន៍កាលពីកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ានបានបង្ហាញថា ក្រោយកិច្ចប្រជុំ ឃើញមានវិនិយោគិនបរទេសច្រើន ចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើ​យសន្ទុះនៃការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាក៏បានរីកចម្រើនតាំងពីពេលនោះមក។

អ្នកស្រីបន្តថា “រហូតមកដល់ឆ្នាំ២០២០ ស្ថានភាពក៏បានថមថយបន្តិចដោយសារតែវិបត្តិនៃកូវីដ១៩ នៅលើពិភពលោកនិងតមកដល់ដើមឆ្នាំ២០២២នេះ ក៏មានវិបត្តិមួយទៀតសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលធ្វើឱ្យបញ្ហាប្រឈមមួយទៀតបានកើតឡើង”។

អ្នកស្រីបន្តថា យ៉ាងណាក្ដីក្រោយកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ ២០២២នេះ យើងសង្ឃឹមថាការវិនិយោគលើអចលនទ្រព្យននឹងមានសន្ទុះកំណើនឡើងវិញ ហើយទីផ្សារអចលនទ្រព្យក៏រំពឹងថានឹងមានកំណើនឡើងដូចគ្នា ។

វត្តមានមេដឹកនាំអាស៊ាន និងពិភពលោកក៏មានអ្នកសារព័ត៌មានពីបណ្ដាប្រទេសទាំងនោះ មកចូលរួមយកព័ត៌មានផងដែរ ហើយតាមរយៈសារព័ត៌មាន នៅតាមបណ្ដាប្រទេសទាំងនោះ នឹងធ្វើឱ្យពិភពលោកស្គាល់ពីកម្ពុជា ហើយនឹងមានវិនិយោគិន ទេសចរអន្តរជាតិ នឹងមកកាន់កម្ពុជាកាន់តែច្រើននៅពេលបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here