ក្រុមហ៊ុនERA Cambodia រៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំលើកទី៤ និងការដាក់ផែនការពង្រីកសមាជិកដល់៥០០០នាក់

0

ដោយៈ សហការី

       ភ្នំពេញៈ  ក្រុមហ៊ុនERA Cambodia បានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ ដើម្បីអបអរសាទរនៃវត្តមានប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ ព្រមទាំងការដាក់ចេញផែនការ ពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាល្អប្រសើរឡើងច្រើន។ ​

សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ២០២២ នៅឯសាលដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានទីតាំងស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន២។​ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងជាលើកទី៤ហើយ បន្ទាប់ពីក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុន ERA Cambodia ដែលមានភ្នាក់ងារលក់ជិត២០០០នាក់ តែងរៀបចំកម្មវិធីបង្កបរិយាកាសល្អៗ ដល់ក្រុមការងារ ដោយមានទាំងការរៀបចំវគ្គបណ្តុះបណ្តាល ចែករំលែកពីវាគ្មិនជំនាញក្នុងស្រុក និងអន្តរជាតិកម្មវិធីទទួលស្គាល់សមិទ្ធផល និងការផ្តល់រង្វាន់ជាច្រើនផ្សេងទៀត ដើម្បីជំរុញលើកទឹកចិត្ត បង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោ​យគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ ​​

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គាបានថ្លែងថា       “ យើងមានមោទកភាពដែលអាចនិយាយបានថា ERA Cambodia ជាក្រុមហ៊ុននាំមុខគេមួយ នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលតែងរៀបចំព្រឹត្តិការណ៍ធំៗដើម្បីអបអរសាទរ និងទទួលស្គាល់សមិទ្ធផលក្រុមងារ ដោយឈរលើទស្សនៈ ភាពជោគជ័យរបស់ក្រុមការងារ គឺជាជោគជ័យរបស់ក្រុមហ៊ុន”។

 

សន្និបាតធុរកិច្ចប្រចាំឆ្នាំ របស់ក្រុមហ៊ុនERA Cambodia ទទួលបានការចូលរួមសហការគាំទ្រ ពីគម្រោងអភិវឌ្ឍន៍ខុនដូធំៗ ដូចជា គម្រោង បុរីR&F, Wealth Mansion និងគម្រោងខុនTime Square​ ហើយម្ចាស់គម្រោងខុនដូទាំងនេះ ក៏បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុនZ1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ ថ្នាលបច្ចេកវិទ្យាវិនិយោគដោយផ្តោតលើវិស័យអចលនទ្រព្យ តាមបែបបច្ចេកវិទ្យាBlockchain​​ រួមនឹងក្រុមហ៊ុន ZILLENNIUM GROUP ក៏បានបង្ហាញវត្តមានជាអ្នកគាំទ្រដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។  ​

ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យ លំដាប់ពិភពលោកមួយនេះ មានភ្នាក់ងារអាជីពប្រមាណ៤០,០០០នាក់ ជាមួយការរិយាល័យប្រតិបត្តិការដល់ទៅ ២ ២០០ការិយាល័យ នៅទូទាំង៣៧ប្រទេសលើពិភពលោក​។

ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៩ ដែលដឹកនាំដោយលោក ខន គង្គា ជាប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិ។  ERA Cambodia ជាក្រុមហ៊ុន​មានឯកទេសទិញ លក់ និងជួល​ខុនដូ ដោយ​ផ្ដោតលើ​តំបន់​សំខាន់៣ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

បច្ចុប្បន្ន​ក្រុមហ៊ុន​មានភ្នាក់ងារប្រមាណ១៧០០នាក់ សម្រាប់​បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។

ខុនដូ គឺជាលំនៅឋានបែបសហកម្មសិទ្ធិ​ ដែលជាចំណែកទីផ្សារដ៏មានសក្តានុពលមួយ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ បច្ចុប្បន្នការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ មានប្រហែល៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០ អគារ ហើយចំនួននេះត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់ប្រមាណ៨ម៉ឺនយូនីតនៅឆ្នាំ២០២៥។

យ៉ាងនេះក្តី ឥទ្ធិពលនៃជំងឺកូវីដ ១៩ និងបញ្ហាសេដ្ឋកិច្ចសកល ការផ្គត់ផ្គង់ខុនដូហាក់មានកំណើនតិចតួច ចំណែកឯតម្លៃទីផ្សារខុនដូវិញ មានការប្រែប្រួលតិចតួច បើធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។

យោងតាមការស្រាវជ្រាវពីក្រុមហ៊ុនជំនាញ ក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថាបច្ចុប្បន្ន ខុនដូមានតម្លៃជាមធ្យមចាប់ពី១៥០០ ទៅ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃជួលវិញជាមធ្យមចាប់ពី ៨ ទៅ១៤ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

យ៉ាងណាមិញ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា ​បានលើកឡើងថា ទីផ្សារខុនដូគឺជាការអភិវឌ្ឍ សម្រាប់រយៈពេលវែង ហើយជាជម្រើសដ៏ ល្អសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងវិនិយោគិនបរទេស ដោយសារកំណើនពលរដ្ឋកម្ពុជា ដែលមានកម្រិតជីវភាពធូរធារនឹងបន្តកើនឡើង ការកើនឡើងនៃរំហូរវិនយោគពីក្រៅប្រទេស និងជនបរទេសដែលមកប្រកបកិច្ចការ និងធ្វើការធុរកិច្ចនៅកម្ពុជា។ ម៉្យាងវិញទៀត លោកបញ្ជាក់ថា តម្លៃខុនដូនៅកម្ពុជា អាចមានអត្រាកំណើនជាមធ្យម ១៥ ភាគរយ ក្នុងមួយឆ្នាំ ដែលជាអត្រានៃផលចំណេញខ្ពស់ (high capital gain) បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។

លោកបន្តថា “​ស្ថានភាពបច្ចុប្បន្នគឺជាឱកាសដ៏ល្អ សម្រាប់ការជ្រើសរើសវិនិយោគលើខុនដូ ព្រោះថាមានគម្រោងជាច្រើន ផ្តល់លក្ខណ្ឌទូទាត់បត់បែន ថែមទាំងលក់បញ្ចុះតម្លៃជាច្រើន”។ លោកបន្តថា “ដើម្បីទាញយកផលចំណេញពីការវិនិយោគ ក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ យើងសូមលើកទឹកចិត្ត ដល់អ្នកវិនិយោគធ្វើការជាមួយភ្នាក់ងារជំនាញ ប្រឹក្សាយោបល់ដើម្បីសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ”។

វត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជារយៈពេលជាង៤ឆ្នាំ បានរួមចំណែកដ៏សំខាន់ ក្នុងទីផ្សារខុនដូនៅកម្ពុជា ដែលមានភ្នាក់ងារ ផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុននេះ ទទួលបានការសហការ ដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះ បូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។

មិនតែប៉ុណ្ណោះ ERA Cambodia ក៏បានរួមចំណែកដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដោយក្រុមហ៊ុនមានផែនការបង្កើនភ្នាក់ងារលក់ពី១៧០០នាក់ នាពេលបច្ចុប្បន្ន ដល់ប្រមាណ៥០០០នាក់ក្នុងរយៈពេលបីឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here