ការរីកដាលនៃឧស្សាហកម្មនៅតំបន់ប៉ែកខាងកើតជំរុញឱ្យគម្រោងលំនៅឋានចាន់ណាលែនទទួលបានការគាំទ្រខ្លាំង

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលចុងក្រោយនេះ តំបន់ប៉ែកខាងកើតនៃរាជធានីភ្នំពេញ គេសង្កេងឃើញថាមានការអភិវឌ្ឍន៍ លើរោងចក្រឧស្សាហកម្មច្រើន ហើយជាមួយគ្នានោះដែរ កំនើននៃការអភិវឌ្ឍលំនៅឋាននៅតំបន់នេះកាន់តែច្រើនផងដែរ។

តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ ពោលគឺតំបន់អរិយក្សត្រចាប់ផ្តើម មានសកម្មភាពមមាញឹក ក្នុងនោះគម្រោងអភិវឌ្ឍន៍ចាន់ណាលែន ប៉ែកខាងកើតភ្នំពេញ ក៏ទទួលបានការគាំទ្រកាន់តែខ្លាំងពីអតិថិជន។

លោកថាន់ ចាន់ណា អគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានចាន់ណាលែនបានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុន បានអភិវឌ្ឍន៍ដល់គម្រោងទី២ហើយ និងត្រៀមក្នុងការអភិវឌ្ឍគម្រោង៣បន្ថែមទៀតនៅឆ្នាំ ២០២៣ខាងមុខ។

លោកបានបញ្ជាក់ថា “គម្រោងទី១បានលក់អស់ហើយ គម្រោងទី២ដែលទើបបើកការដ្ឋានកាលពីប៉ុន្មានខែមុន ក៏លក់ជិតអស់ដែរ ដូច្នេះក្រុមហ៊ុននឹងត្រៀម ក្នុងការបើកគម្រោងទី៣បន្តទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន”។

លោកបន្តថា ក្នុងរយៈពេលចុងក្រោយនេះ អតិថិជនរបស់គម្រោងចាន់ណាលែនមួយចំនួន ជាពលករធ្វើការនៅកូរ៉េ ហើយពួកគាត់មួយចំនួនក៏បង់ផ្ដាច់ជាមួយក្រុមហ៊ុន ខ្លះក៏រំលស់ជាមួយនឹងធនាគារ ដោយសារតែ ក្រុមហ៊ុនយើង ក៏មានកិច្ចសហការជាមួយធនាគារ ដោយផ្ដល់ប្លង់រឹងជូនអតិថិជនហើយអតិថិជន អាចយកប្លង់រឹងនោះទៅដាក់ជាមួយធនាគារបាន ។

លោកបន្ថែមថា ក្រៅពីពលករកូរ៉េ ក្រុមហ៊ុនយើងក៏មានអតិថិជន ដែ​លជាប្រជាពលរដ្ឋក្នុងតំបន់នោះ ដែលពួកគាត់ទើបទទួលបានថវិកាពីសំ​ណង់របស់ក្រុមហ៊ុន ជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍលើដីរបស់ពួកគាត់ ។ អ្នកខ្លះបាន២ម៉ឺនដុល្លារខ្លះបាន៤ ទៅ៥ម៉ឺនដុល្លារ ដូច្នេះហើយពួកគាត់ក៏បានសម្រេចទិញបង់ជាដំណាច់កាល ជាមួយក្រុមហ៊ុននិងបង់បន្តនៅពេលបន្តបន្ទាប់។

លោកបន្ថែមទៀតថា អ្វីដែលពិសេសធ្វើឱ្យគម្រោងចាន់ណា លែនទទួលបានការគាំទ្រយ៉ាងនេះ ពីព្រោះនៅជុំវិញគម្រោងអភិវឌ្ឍន៍ ក៏មានការអភិវឌ្ឍលើរោងចក្រ ឧស្សាហកម្មច្រើន ហើយឆាប់ៗនេះដែរ ក៏នឹងមានវត្ត​មានរោងចក្រធំ២ ដាក់ទីតាំងនៅជិតគម្រោង ដែលជាកត្តាទាក់ទាញ ដល់អតិថិជនក្នុងការទិញលំនៅឋានរបស់យើង ងាយស្រួលក្នុងការធ្វើអាជីវកម្មនិងរកស៊ី ។

សក្ដានុពលមួយទៀត ដែលនឹងជំរុញឱ្យតំបន់ខាងកើតរាជធានីភ្នំពេ​ញកាន់តែមានភាពទាក់ទាញនោះ គឺ ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់អរិយក្សត្រ នឹងចាប់ផ្ដើមសាងសង់នៅពេលឆាប់ៗខាងមុខនេះ ហើយនៅពេលស្ពាននេះ បានតភ្ជាប់រួចនឹងធ្វើឱ្យការធ្វើដំណើរ ពីតំបន់ខាងកើតមកភ្នំពេញ កាន់តែមានភាពងាយស្រួល មនុស្សទៅរស់នៅតំបន់ខាងកើតអាចនឹងកើនឡើងកាន់តែច្រើនបន្ថែមទៀត។

ប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon ក្នុងពេលជួបពិភាក្សាការងារជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកាលពីចុងសប្តាហ៍មុន ក៏បានប្រកាសគាំទ្រលើការផ្តល់ឥណទាន ដើម្បីសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់តំបន់អរិយក្សត្រផងដែរ ដោយលោកបានចាត់ទុកស្ពានមិត្តភាពនេះ ជាការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែធំធេងថែមទៀត។

ជាមួយនឹងការរីកចម្រើន និងកំណើនប្រជាជនចូលទៅរស់នៅតំបន់នេះ ក្រុមហ៊ុនបុរីវីឡាទួលសង្កែ ដែលជាបុរីមានទំហំផ្ទៃដីជាង៦០ហិកតានៅតំបន់នេះ ក៏បានប្រកាសត្រៀមបើកផ្សារទំនើប បែបសហគមន៍AK Avenue ដែលជាគំរោងផ្សារទំនើបលើកដំបូង ស្ថិតនៅតំបន់ភាគខាងកើតរាជធានីភ្នំពេញ៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here