ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ជាអ្នកជំនាញផ្នែកទិញលក់ និងវិនិយោគលើដីធ្លី លោកឧកញ៉ាកាង សុធីបានមានប្រសាសន៍ថា ដីធ្លីនៅតំបន់មួយចំនួនក្នុងព្រះរាជាណាចចក្រកម្ពុជា មានតម្លៃកើនឡើងខ្ពស់រហូតដល់៣០ ទៅ៤០ភាគរយក្នុងមួយឆ្នាំ។
អគ្គនាយកក្រុមហ៊ុនCentury21 Land Stationរូបនេះបានមានប្រសាសន៍ ក្នុងវេទិកាពិភាក្សាពីវិស័យអចលនទ្រព្យ កាលពីពេលថ្មីៗនេះថា លោកជឿថាដីធ្លីនៅតំបន់ខ្លះ ក្នុងមួយឆ្នាំអាចនឹងឡើង៣០ ទៅ៤០ភាគរយ ហើយ១០ឆ្នាំក្រោយ នឹងដល់៤០០ភាគរយ។ ដូច្នេះអ្នកទិញដីនៅតំបន់នោះពេលនេះ តម្លៃ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ វាអាចឡើងដល់១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងរយៈពេល១០ឆ្នាំខាងមុខ។
-->
តើដីធ្លីនៅតំបន់ណាខ្លះ នៃតំបន់ជាយរាជធានីភ្នំពេញ ដែលគួរតែវិនិយោគ លោកឧកញ៉ាកាង សុធីបានចង្អុលបង្ហាញថា ស្រុកពញ្ញាឮ មានហេដ្ឋារចនាសម្ព័ន្ធច្រើនជាងគេ ដីក៏មានរាងខ្ពស់ច្រើន ដែលមានន័យថាដីអត់លិចទឹក ដូច្នេះគេអាចទិញដីនោះ សម្រាប់សាងសង់ជាលំនៅឋានបានភ្លាម ហើយស្រុកនេះដែរ ក៏មានមនុស្សរស់នៅច្រើនផងដែរ។
លោកបន្តថា ចំណែកស្រុកកណ្ដាលស្ទឹងវិញ ជាស្រុកមួយមានការអភិវឌ្ឍលឿន ដោយសារមានគម្រោង ព្រលានយន្តហោះនៅខាងហ្នឹង។ដូច្នេះបើមានអ្នកមានធនធានច្រើន និងចង់អភិវឌ្ឍន៍យូរនឹងទទួលបានប្រាក់ចំណេញខ្ពស់។

លោកឧកញ៉ាកាង សុធីបានបន្ថែមថា ចំណែកស្រុកមួយទៀតដែលជាប់នឹងរាជធានីភ្នំពេញដែរនោះ គឺស្រុកមុខកំពូល ដែលជាស្រុកជិតរាជធានីភ្នំពេញជាងគេ ហើយមានគម្រោងអភិវឌ្ឍន៍ដ៏ល្អ គឺគម្រោងពហុកីឡាដ្ឋានមរតកសម្តេចតេជោ និងមានផ្លូវជាតិលេខ៦រត់កាត់ ដែលជាធ្វើឱ្យតំបន់នៃស្រុកមុខកំពូលកាន់ តែមានសក្ដានុពលក្នុងការទាក់ទាញអ្នកអភិវឌ្ឍន៍ ។
លោកបន្តថា “បើចង់វិនិយោគរយៈពេលខ្លី គឺទិញដីនៅស្រុកមុខកំពូលនឹងទទួលបានឱកាសចំណេញបានលឿន”។
លោកបន្តថា បើចង់វិនិយោគដីធ្លី ឱ្យទទួលបានឱកាសចំណេញច្រើន គួរងាកទៅរកតំបន់ជាយៗក្រុង ពីព្រោះតំបន់ទាំងនោះ តម្លៃដីនៅមានកម្រិតទាបនៅឡើយ តែបើយើងក្រលេកមកមើលតម្លៃដី នៅកណ្ដាលក្រុ ងឬនៅជិតក្រុងវិញ វាបានឡើងដល់កម្រិតមួយខ្ពស់ទៅហើយ។ ដូច្នេះឱកាសនោះការឡើងថ្លៃទៀត វាស្ទើរតែមិនមានឬមានតិចតួចប៉ុណ្ណោះ។
យោងតាមផែនការប្រើប្រាស់ដីធ្លីលំអិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញថា រាជរដ្ឋាភិបាលគ្រោងនឹងពង្រីករាជធានីភ្នំពេញ ឱ្យកើនឡើងក្នុងកាំរង្វង់រហូតដល់៣០គីឡូម៉ែត្រ ដូច្នេះហើយមានតែវិធីកាត់យកដីនៅតាមបណ្ដាខេត្ត ដែលជាប់នឹងរាជធានីភ្នំពេញចូលមកស្ថិតក្រោមដែនរដ្ឋបាលរាជធានីភ្នំពេញ ហើយស្រុកចំនួនបី រួមមាន ស្រុកមុខកំពូល កណ្ដាលស្ទឹង និងស្រុកពញ្ញាឮ គឺជាស្រុកដែលជាប់នឹងរាជធានីភ្នំពេញផងដែរ៕
