ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ទីផ្សារខុនដូកម្ពុជាឆ្នាំ២០២២នេះ នៅតែមិនមានភាពល្អប្រសើរដូចមុនវិបត្តិកូវីដ១៩នៅឡើយ តែយ៉ាងណាក្ដីបើតាមអ្នកជំនាញនៃទីផ្សារនេះថាទីផ្សារខុនដូឆ្នាំនេះ មានភាពល្អប្រសើរជាង២ឆ្នាំកន្លង ហើយរំពឹងថានៅឆ្នាំបន្ទាប់ទីផ្សារមួយនេះ នឹងកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
លោកគុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនVTrust បានឱ្យដឹងថា ឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ យើងបានឃើញថាពិភពលោកនិងកម្ពុជាទទួលរងនូវវិបត្តិ ដែលបង្កឱ្យវិស័យអចលនទ្រព្យប្រឈមនឹងបញ្ហា ទីផ្សារខុនដូក៏ដូចគ្នាដែរ ប៉ុន្តែឆ្នាំ២០២២នេះ ទីផ្សារហាក់មានភាពល្អជាង២ឆ្នាំមុន ហើយឆ្នាំ២០២៣ខាងមុខយើងក៏រំពឹងថា ទីផ្សារនេះនឹងទទួលបានផលល្អប្រសើរជាងមុន ដោយសមាជិកនៃគ្រុបរបស់យើងនឹងរួមគ្នា ក្នុងការអភិវឌ្ឍទីផ្សារមួយនេះ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
-->
ជាមួយគ្នានេះ លោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia បានមានប្រសាសន៍ឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ ស្ថានភាពនៃទីផ្សារខុនដូនៅកម្ពុជាវាមិនល្អណាស់ណាទេ តែយ៉ាងណាក្ដី ក៏វាប្រសើរជាងឆ្នាំ២០២០ និង២០២១ដែរ។ សម្រាប់ឆ្នាំ២០២៣ យើងរំពឹងខ្ពស់ថា ទីផ្សារមួយនេះនឹងល្អហើយនឹងធ្វើឱ្យតម្រូវការខុនដូ ទាំងការទិញ លក់ និងការជួលមានកំណើនឡើងវិញផងដែរ។

លោកបន្តថា ឆ្នាំ២០២២នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយក្នុងកិច្ចប្រជុំនេះដែរ ក៏បាននាំវិនិយោគិនធុរជន ក៏ដូចជាមេដឹកនាំពិភពលោកមកកាន់កម្ពុជាផងដែរ ដែលជាសញ្ញាវិជ្ជមានសម្រាប់ការវិនិយោគនៅកម្ពុជា។ ឆ្នាំក្រោយឆ្នាំ២០២៣កម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលព្រឹត្តិការណ៍នឹងនាំមកនូវភ្ញៀវទេសចរអន្តរជាតិ មកពីបណ្ដាប្រទេសជាច្រើន។ ក្រៅពីនោះក៏មានវិនិយោគិនបរទេសនឹងមកជាមួយដែរ ដើម្បីទស្សនាព្រឹត្តិការណ៍កីឡាផង និងដើម្បីស្វែងរកការវិនិយោគរបស់ខ្លួនផងដែរ ។
លោកបន្ថែមថា “តាមរយៈព្រឹត្តិការណ៍សំខាន់ទាំងពីរនេះ យើងរំពឹងយ៉ាងខ្លាំងពីការហូរចូលឡើងវិញ នៃការវិនិយោគលើខុនដូ និងតម្រូវការខុនដូនៅពេលអនាគត”។ ពេលនោះដែរភ្នាក់ងារលក់របស់យើង ក៏ត្រៀមខ្លួនក្នុងការលក់ជូនអតិថិជនទាំងខ្មែរនិងបរទេស”។
បច្ចុប្បន្ននេះ អ្នកទិញខុនដូក្នុងទីផ្សារប្រទេសកម្ពុជាភាគច្រើនគឺជាអ្នកក្នុងស្រុក ដោយអ្នកក្រៅប្រទេសមិនសូវជាមានប៉ុន្មានទេ ហើយអ្នកអភិវឌ្ឍន៍ខុនដូមួយចំនួន ក៏បានងាកទៅរកការអភិវឌ្ឍផ្ដោត លើអតិថិជនក្នុងស្រុកវិញផងដែរ៕
