ជនជាតិកម្ពុជាស្ថិតក្នុងចំណោមជនបរទេស ដែលចំណាយលុយច្រើនជាងគេទាំង៥ក្នុងការទិញខុនដូនៅប្រទេសថៃ

0

ដោយៈសុខុម

បាងកក: ជនជាតិចិន នៅតែរក្សាបានតំណែងជាអ្នកទិញអចលនទ្រព្យច្រើនជាងគេបំផុត ក្នុងចំណោមជនបរទេសនៅប្រទេសថៃ ដោយផ្ទះរហូតដល់ទៅជាង២.០០០យូនីត ត្រូវបានផ្ទេរកម្មសិទ្ធិឱ្យទៅជនជាតិចិន គ្រាន់តែនៅក្នុងត្រីមាសទី២ ឆ្នាំ២០២២។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយកាលពីពេលថ្មីៗនេះ។

លោក Wichai Wirattaphan នាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) បានលើកឡើងកាលពីពេលថ្មីៗនេះថា ផ្ទះចំនួន២.៣២៦យូនីត ត្រូវបានផ្ទេរកម្មសិទ្ធិទៅឱ្យជនជាតិចិន ក្នុងត្រីមាសទី២ ឆ្នាំនេះ ដោយកើនឡើង២៧,៦%។

យោងតាមតួលេខបង្ហាញថា ចំនួនផ្ទះដែលត្រូវផ្ទេរទៅឱ្យជនជាតិចិន ទាំងនោះ គិតជាទំហំទឹកប្រាក់សរុប១២,១១ពាន់លានបាត (៣៣៨លានដុល្លារអាមេរិក) កើនឡើង២៦,៩% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​​ ចំណែកឯផ្ទៃសរុបមានចំនួន១០៩,៤៨៦ម៉ែត្រការ៉េ ដោយកើនឡើង២៧,៦%។

លោកបានបន្ថែមទៀតថា ដោយសារចំនួនអចលនទ្រព្យប្រភេទលំនៅដ្ឋានថ្មីៗនៅកណ្ដាលក្រុង ឬសង្កាត់ពាណិជ្ជកម្មកំពុងថយចុះ ផ្ទះចាស់មួយទឹកកំពុងមានតម្រូវការកើនឡើង ពីសំណាក់ជនបរទេស ជាពិសេសជនបរទេសដែលមកពីអឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ី និងឥណ្ឌា។

យោងតាមទិន្នន័យដែលអាចរកបានបង្ហាញថា អ្នកទិញខុនដូច្រើនបំផុតនៅក្នុងប្រទេសថៃ គឺមកពីប្រទេសចិន រុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់។

ទន្ទឹមនេះ ជនបរទេសដែលហ៊ានចំណាយខ្ពស់ បំផុតលើអចលនទ្រព្យនៅក្នុងប្រទេសថៃ គឺពលរដ្ឋដែលមកពីប្រទេសចិន អាមេរិក បារាំង រុស្ស៊ី និងកម្ពុជា៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here