ដោយៈ សុខុម
ហុងកុង: រដ្ឋាភិបាលចិន ពេលនេះកំពុងប្រឹងប្រែងអស់ពីលទ្ធភាពធ្វើយ៉ាងណាបញ្ចប់វិបត្តិ ក្នុងវិស័យអចលនទ្រព្យដ៏ធំសម្បើម របស់ប្រទេសចិន ដែលបានជះផលប៉ះពាល់យ៉ាងខ្លាំង ទៅលើសេដ្ឋកិច្ចប្រទេសនេះក្នុងពេលមួយឆ្នាំមកនេះ។
យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនCountry Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតប្រចាំប្រទេសចិន បានហក់ឡើងស្រឺតៗរហូតដល់ទៅ៥២%នៅក្រុងហុងកុង បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ បានលាតត្រដាងផែនការ១៦ចំណុច ដែលបន្ធូរបន្ថយយ៉ាងច្រើនសម្រាប់ការផ្ដល់កម្ចីដល់វិស័យនេះ។
វិធានការបន្ធួរបន្ថយសំខាន់ៗទាំងនោះរួមមាន ការអនុញ្ញាតឱ្យធានាគារនានាពន្យាពេល ទូទាត់សងប្រាក់កម្ចី ពីសំណាក់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជួយគាំទ្រការលក់អចលនទ្រព្យ តាមរយៈការកាត់បន្ថយទំហំប្រាក់កក់ ឬ Down Payment និងបញ្ចុះអត្រាការប្រាក់លើកម្ចីទិញផ្ទះ បង្កើនបណ្ដាញផ្ដល់ហិរញ្ញប្បទាន ដូចជា ការបោះផ្សាយមូលបត្របំណុល និងការធានាប្រគល់ផ្ទះដែលត្រូវបានលក់ Pre-sale ឱ្យទៅអ្នកទិញផងដែរ។
លោក Larry Hu ប្រធានអ្នកជំនាញសេដ្ឋកិច្ចចិន ប្រចាំក្រុមហ៊ុនហិរញ្ញវត្ថុអូស្ត្រាលី Macquarie Group លើកឡើងថា “ចំណុចសំខាន់គឺថា ក្រុមអ្នកបង្កើតគោលនយោបាយ បានណែនាំឱ្យធនាគារនានា ព្យាយាមឱ្យអស់ពីលទ្ធភាពរបស់ខ្លួន នៅក្នុងការជួយគាំទ្រដល់វិស័យអចលនទ្រព្យចិន”។
លោកស្រី Tao Wang ប្រធានអ្នកជំនាញសេដ្ឋកិច្ចចិន ប្រចាំធនាគារវិនិយោគពហុជាតិសាសន៍ UBS ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានចាត់ទុកវិធានការទាំងនេះថាជា “ចំណុចរបត់” សម្រាប់វិស័យអចលនទ្រព្យក្នុងប្រទេសចិន។
លោកស្រីប៉ាន់ប្រមាណថា បូករួមជាមួយគោលនយោបាយផ្សេងៗទៀត ដែលត្រូវបានប្រកាសកាលពីដើមឆ្នាំនេះ រដ្ឋាភិបាលក្រុងប៉េកាំង អាចនឹងចាក់បញ្ចូលទុន ប្រមាណ១៤២ពាន់លានដុល្លារអាមេរិក ចូលទៅក្នុងវិស័យអចលនទ្រព្យ។
ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យចិន ដែលចុះបញ្ជីនៅក្រុងហុងកុង បានហក់ឡើង១១%ជាមធ្យមកាលពីថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ដោយជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងៗទៀត ហក់ឡើងពេញទីផ្សារ។
តួយ៉ាង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលមួយទៀតគឺ Longfor Properties បានហក់ឡើង១៧%។ ចំណែកឯក្រុមហ៊ុន Dexin China ដែលមានមូលដ្ឋាននៅក្រុងហាងចូវ (Hangzhou) ប្រទេសចិន បានហក់ឡើងរហូតដល់ទៅ១៥១%។
វិធានការសង្គ្រោះទាំងនេះ ត្រូវបានអ្នកវិភាគជាច្រើនមើលឃើញថា នេះជាការផ្ដល់សញ្ញា ដ៏ច្បាស់លាស់បំផុតពីអាជ្ញាធរចិន ដែលចង់បង្ហាញថា ការបង្ក្រាបរយៈពេល២ឆ្នាំលើវិស័យអចលនទ្រព្យ បានឈានដល់ទីបញ្ចប់ហើយពេលនេះ។
នៅខែសីហា ឆ្នាំ២០២០ រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្ដើមចាត់វិធានការរឹតបន្តឹងលើការខ្ចីបុល ពីសំណាក់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីទប់កុំឱ្យតម្លៃផ្ទះចេះតែហក់ឡើងខ្ពស់ ហួសពីការគ្រប់គ្រងបាន៕ CNN៕