ដោយ៖ សុផារី
តាកែវ៖ គម្រោងបុរីធំមួយនៅតំបន់ភ្នំតាម៉ៅ គឺបុរី HK Residence បានបញ្ចប់ការសាងសង់ផ្ទះគំរូរួចរាល់១០០ភាគរយហើយ ខណៈទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនសម្រាប់គ្រប់ប្រភេទផ្ទះ ទាំងវីឡាទោល និងវីឡាភ្លោះ។
លោក ចាប ពៅ អគ្គនាយកបុរី HK Residence បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកានេះ ផ្ទះគំរូរបស់បុរី HK Residence បានបញ្ចប់ការសាងសង់រួចរាល់១០០ភាគរយហើយ ទាំងប្រភេទផ្ទះវីឡាទោល និងវីឡាភ្លោះ ដោយគិតគូរពីសុខុមាលភាពនៃការរស់នៅតាមបែបទាន់សម័យ អមជាមួយធម្មជាតិ និងខ្យល់បរិសុទ្ធ សម្រាប់លើកកម្រិតគុណភាពនៃការរស់នៅ។
លោក ចាប ពៅបានមានប្រសាសន៍ថា “ផ្ទះគំរូគ្រប់ប្រភេទត្រូវបានសាងសង់រួចរាល់ហើយ។ ក្នុងនោះការសាងសង់វីឡាទោលសម្រេចការសាងសង់ជាង៦០ភាគរយហើយ និងវីឡាភ្លោះត្រូវបានបញ្ជប់ការសាងសង់រួចរាល់១០០ភាគរយ ត្រៀមរង់ចាំអតិថិជនចូលទៅរស់នៅតែម្តង”។
បុរី HK Residence មានទីតាំងស្ថិតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹងតូច ស្រុកបាទី ខេត្តតាកែវ ស្ថិតនៅព្រំប្រទល់រវាងខេត្តកណ្តាលនិងរាជធានីភ្នំពេញ និងជាគម្រោងដ៏ធំមួយមានទំហំរហូតដល់៥ហិចតា។
គម្រោងបុរីមានផ្ទះចំនួន២ប្រភេទសម្រាប់ជាជម្រើសដល់អតិថិជន រួមមាន វីឡាទោល និងវីឡាភ្លោះ អមជាមួយសួនច្បារដ៏ស្រស់ស្អាត នៅក្នុងផ្ទះនីមួយៗដាច់ដោយឡែកពីគ្នា មានទីធំទូលាយ ព្រមទាំងសួនច្បាររួម ទីលានកំសាន្តសម្រាប់កុមារ កន្លែងហាត់ប្រាណ ជាពិសេស ផ្លូវនៅក្នុងបុរីមានទំហំចន្លោះពី២០ ទៅ៣០ម៉ែត្រ។ ផ្ទះវីឡា ដែលមានទំហំផ្ទះ១៣,៥ម៉ែត្រគុណ៧,២ មានតម្លៃត្រឹមតែ៤៨.០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។
លោកថា “ផ្ទះយើងតម្លៃប៉ុណ្ណឹងមែន តែផ្លូវនៅក្នុងបុរីមានទំហំធំខ្លាំង២០និង៣០ម៉ែត្រ ហើយមានសួនច្បារថែមទៀត មិនដែលមានបុរីណាហ៊ានខាតដីច្រើនដល់ថ្នាក់នេះនោះទេ“។
សំខាន់ជាងនេះទៅទៀត ទីតាំងរបស់បុរីស្ថិតនៅក្នុងតំបន់សក្តានុពលខ្ពស់បំផុត នៅជិតរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមរយៈផ្លូវជាតិលេខ២ នៅជិតផ្លូវក្រវាត់ក្រុងទី៤ និងទីតាំងរមណីយដ្ឋានភ្នំតាម៉ៅផងដែរ។ អ្វីដែលសំខាន់ជាងនេះ ការអភិវឌ្ឍលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង លូ គឺមានគ្រប់គ្រាន់ ដោយមិនមានភាពខ្វះខាតឡើយ ដែលនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ការរស់នៅរបស់អតិថិជន។
លោក ចាប ពៅ បានមានប្រសាសន៍ថា “ជាមួយការផ្តល់ជូនពិសេសគ្រប់ចំណុចបែបនេះ អ្នកវិនិយោគនឹងទទួលបានផលចំណេញ១គុណនឹង២ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយបើធៀបនឹងផ្ទះនៅរាជធានីភ្នំពេញ មានទំហំដូចគ្នានេះ គឺមិនអាចរកតម្លៃបែបនេះបាននោះទេ”។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ទិញ អញ្ចើញមកមើលទីតាំងថ្ងៃនេះ នឹងអាចរើសទីតាំងល្អបានមុនគេ។ សម្រាប់ការបង់ប្រាក់ អតិថិជនអាចទទួលបានការសម្រួលឯកសារ រត់ការធ្វើប្លង់ជូន សម្រាប់ការខ្ចីពីធនាគារក្នុងអត្រាការប្រាក់ទាបបំផុត ពីធនាគារដៃគូរជាច្រើនរបស់បុរី៕